ភ្នំពេញ ៖ យុវជនម្នាក់ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃបានហើយតែរត់មិនរួច។
ករណីឃាត់ខ្លួននេះយុវជនខាងលើនេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារសហពាណិជ្ជ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ យឹម មានី អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនសាលាបឹងសាឡាង ថ្នាក់ទី៦ ស្នាក់នៅផ្ទះជួលផ្សាបឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ឃុត ទូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន MPA ស្នាក់នៅផ្ទះជួលម្ដុំផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើតភូមិក្រាំងកណ្ដាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងយាមនៅមុខធនាគារខាងលើពេលនោះគាត់បានដាក់ទូរសព្ទ័១គ្រឿងម៉ាកសាំស៊ុង សាកថ្មរជិតខ្លួន ហើយសំងំសម្រាកបន្តិចស្រាប់តែមានជនសង្ស័យខាងលើបានជិះកង់មកឈប់ហើយបានធ្វើសកម្មភាពលួចដកយកទូរសព្ទ័របស់គាត់ភ្លាមៗនោះមានបងប្អូនប្រជាជននៅម្ដុំនោះបានឃើញហើយស្រែកថា ចោរៗដេញតាមរហូតដល់មុខវិទ្យាល័យបុរី១០០ខ្នងទើបចាប់ខ្លួនបាន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកទូរស័ទ្ទដៃរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា