ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ។
សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០និង០០នាទីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានបេីកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នឹងដកហូតវត្ថុតាងថ្នាំញៀនគ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៦៤ក្រាម,-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, -ទូរស័ព្ទ ចំនួន ០២គ្រឿង (Nokia ចុចពិលពណ៌ខ្មៅ, ម៉ាក Happy ពណ៌ខ្មៅ),-កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាអាវុធហត្ថក្រុងដេីម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈុត ដូច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងចែកចាយគ្រឿងញៀននៅចំណុចខាងលេី លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការនៅចំនុចខាងលេី ក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងតែថ្លឹង និងវេចខ្ចប់គ្រឿងញៀន និងជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ឈុត ដូច កំពុងតែប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឈុត ឈាន បានសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
សមត្ថកិច្ចបញញចាក់ថាៈ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖វណ្ណា