ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តកិនស្លាប់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យដួលខ្ទាតចូលក្រោមរថយន្តធុនធំដឹកទំនិញកិនស្លាប់ម្នាក់នៅនឹងកន្លែងកេីហេតុចំណែកម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះបានម្នាក់ស្លាប់ ឈ្មោះ លី សុភ័ត ហៅសុភ័ក្រ ហៅផប់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ជិះម៉ូតូម៉ាកលេត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1P-5452 ។ ចំណែកជនរងគ្រោះម្នាក់ របួសធ្ងន់ ហើយបានស្លាប់ក្រោយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ មានឈ្មោះ គង់ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KF-2326 ជាមធ្យោបាយ ។ រីឯភាគីខាងរថយន្ត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2799 ដឹកទំនិញ អ្នកបើកបរគេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងម៉ូតូលេត (អ្នកស្លាប់នៅកន្លែង) បានជិះចេញពីធ្វើការរោងចក្រ តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវពីជើងទៅត្បូង បំណងឆ្ពោះទៅផ្ទះជួល មិនទាន់ផុតផង ត្រូវបាន ម៉ូតូស្កុបពី ជិះលឿនពីលិចទៅកើត បុកពេញទំហឹង ខ្ទាតដួលទាំង២គ្រឿងទាំងមនុស្សចូលរថយន្តធុនធំដឹកទំនិញ ដែលបើកពីលិចទៅកើត កិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយបានស្លាប់នៅមន្ទីរពេទ្យ ម៉ូតូខ្ទេច២គ្រឿង ។

ក្រោយកើតហេតុជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសលបានស្លាប់ ។ សពជនរងគ្រោះម្នាក់ យកទៅតំកល់ទុកនៅវត្តកំបូលក្បែរនោះ ហើយត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ រីឯរថយន្តនិងម៉ូតូ២គ្រឿង ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរជើងគោក ស្នងការក្រុង វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print