ខេត្តមណ្ឌលគិរី : មន្ត្រីដែលចុះជួយអន្តរាគមន៍ សម្រាប់អ្នកធ្វើដំណើរពីបណ្ដាខេត្តផ្សេងៗចូលទៅកាន់ខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យបានដឹងថា, បងប្អូនដែលជាអ្នកធ្វើដំណើរពីបណ្ដាខេត្ត នានា មកដល់ត្រឹមស្រុកអូររាំង គឺផ្លូវជាតិលេខ 76 បានដាច់ទាំងស្រុង ការធ្វើដំណើរទាំងរថយន្តតូច រថយន្តធំ មិនអាចធ្វើដំណើរបានទេចាប់ពីយប់មិញតទៅម្ល៉េះ ។
មន្ត្រីចរាចរណ៍និងសមត្ថកិច្ច អាជ្ញាធរបានបញ្ជាក់ទៀតថា, ទឹកបានហូរ បណ្ដាលឲ្យដាច់ផ្លូវជាតិលេខ 76 បាក់ទាំងស្រុងតែម្ដង និយាយរួមនៅស្រុកអូររាំង បានបាក់ផ្លូវដោយអំណាចទឹកហូរកាត់ មិនអាចធ្វើដំណើរបានឡើយ។ ដូច្នេះការធ្វើដំណើរ ទាំងឡានតូច ទាំងឡានធំ ទាំងម៉ូតូ មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ដើម្បីចូលខេត្តមណ្ឌលគិរី។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ពីរខេត្តនានា តាមទឹកដីខេត្តក្រចេះ ឬពីស្រុកកែវសីមា ឬចេញពីខេត្តមណ្ឌលគិរី ទៅកាន់រាជធានីភ្នំពេញ ត្រូវវាងចេញពីស្រុកអូររាំង គឺអាចធ្វើដំណើរតាមផ្លូវជាតិលេខ 76 បានដែរ គឺទៅតាមស្រុកកោះញែក បុកទៅកាន់ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ដើម្បីធ្វើដំណើរមកកាន់រាជធានីបាន។ ឯចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងចូលខេត្តមណ្ឌលគិរី តាមផ្លូវជាតិលេខ 76 នេះ គឺត្រូវវាងដែរ អាចធ្វើដំណើរមកបានតាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ។ អាជ្ញាធរនិងសមត្ថកិច្ចសូមប្រកាសជូនដំណឹងពីពេលនេះតទៅ គឺផ្លូវលេខ 76 បានបាក់ទាំងស្រុងហើយនៅចំណុចស្រុកអូរាំង រង់ចាំមួយថ្ងៃពីរថ្ងៃទៀត ខាងជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូន ធ្វើរួចរាល់ ទើបផ្ដល់ដំណឹងជូនបងប្អូនជាក្រោយ។
សូមបញ្ជាក់ថា : ផ្លូវលេខ 76 ត្រូវបានទឹកហូរកាត់ចាប់ពីម៉ោង 6:00 ល្ងាច ថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 រហូតដល់យប់ជ្រៅបន្តិច អំណាចទឹកកាន់តែខ្លាំង បណ្ដាលឲ្យផ្លូវ 76 ក្នុងស្រុកអូរាំង ត្រូវបានទឹកបុកបាត់ដាច់ទាំងស្រុង ។ ដូច្នេះនៅថ្ងៃទី 2 ខែសីហា ឆ្នាំ 2023 នេះ ការធ្វើដំណើរត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន គឺមិនអាចចូលទឹកដីខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ 76 ឆ្លងកាត់ស្រុកកែវសីមា មកតាមស្រុកអូររាំងបានឡើយ ហើយអ្នកខេត្តមណ្ឌលគិរី ក៏មិនអាចចេញពីខេត្ត ឆ្លងងកាត់ស្រុកអូររាំង មកកាន់ស្រុកកែវសីមា ឬទៅភ្នំពេញបានទេ ៕
ដោយ : សុខ ខេមរា