ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនលោក Mauricio Macri បានស្នើសុំឲ្យខ្សែ ប្រយុទ្ធ Lionel Messi បន្តលេងឲ្យក្រុម ជម្រើសជាតិទៀត បើទោះបីជាគាត់បានប្តេជ្ញាលាឈប់ក៏ដោយនេះបើតាមអ្នកនាំពាក្យរបស់ប្រធានាធិបតី ។
អ្នកនាំពាក្យខាងលើនេះបានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទថា “លោក Mauricio Macri បានទូរស័ព្ទទៅកាន់កីឡា ករ Lionel Messi ដោយប្រាប់ថា គាត់ពិតជាមានមោទនភាពចំពោះការលេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនហើយសូមកុំស្តាប់អ្នករិះគន់អី”។
នៅពេលជាមួយគ្នានេះវីរបុរសបាល់ ទាត់អាហ្សង់ទីន Diego Maradona ក៏បាន អំពាវនាវដល់កីឡាករ Lionel Messi កុំទាន់លាឈប់ពីក្រុមជម្រើសជាតិអីរូបគេត្រូវតែធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដណ្តើម ជើងឯក World Cup ឆ្នាំ២០១៨ ។
គួររំលឹកថា ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិបន្ទាប់ពីមិនអាចជួយ ក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯក Copa America ឆ្នាំ២០១៦ ។
កីឡាករវ័យ២៩ឆ្នាំនេះបាននិយាយទាំងសោកស្តាយក្រោយចាញ់ឈីលីថា “សម្រាប់ ខ្ញុំតួនាទីក្នុងក្រុមជម្រើសជាតិគឺចប់ហើយ។ ខ្ញុំបានខិតខំអស់ពីអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបានលេងវគ្គផ្តាច់ព្រ័ត្រចំនួន៤ដងហើយតែគ្មានសំណាងសោះសម្រាប់ខ្ញុំ”។
ខ្សែប្រយុទ្ធ Lionel Messi ចូលរួមក្រុមអាហ្សង់ទីនឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីធំៗចំនួន៣ដងជាប់ៗគ្នា ប៉ុន្តែសុទ្ធតែបរា ជ័យទាំងអស់ដោយចាញ់ក្រុមអាល្លឺម៉ង់នៅ World Cup ២០១៤ ចាញ់ឈីលីនៅ ក្នុងឆ្នាំ២០១៥ និង២០១៦នៃកម្មវិធី Copa America ។ មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ពេលប្រកួតចាញ់ក្រុមប្រេស៊ីលវគ្គផ្តាច់ ព្រ័ត្រ Copa America ឆ្នាំ២០០៧ផងដែរ៕
ដោយ៖ ដេវីត