ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើងថា មានគណបក្សនយោបាយមួយមានជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាជ្ញាធរបានប្រមូលភស្ភុតាងបានទាំងអស់ក្នុងតេឡេក្រាមមួយដែលឈ្មោះថាសប្បាយ ដែលក្រុមអ្នកគូសបំផ្លាញសន្លឹកឆ្នោតបានបង្ហោះនៅក្នុងនោះ។
សម្ដេចតេជោបានបន្តថាបន្ទាប់ពីការបោះឆ្នោតហើយអាជ្ញាធរកំពុងតែធ្វើការបន្តទៅលើករណីនេះ។
សម្ដេចតេជោបន្តថា៖ «បក្សនយោបាយមួយគួរតែដឹងខ្លួនសមាជិករបស់ខ្លួនធ្វើបែបណាខ្លះ? ដែលមានចេញសារភាពមួយចំនួនយើងបានអត់ឱនហើយ។ មួយចំនួន(គជប)បានពិន័យកាត់សិទ្ធិធ្វើនយោបាយ មួយចំនួនកំពុងតែខាងផ្នែកអាជ្ញាធរកំពុងតាមរក»។
សម្ដេចបានព្រមានថាគណបក្សនយោបាយនោះអាចនឹងត្រូវរលាយផងដែរ។
សម្ដេចថា៖ «ខ្ញុំមិនមែនធ្វើការគំរាមកំហែងទៅលើអ្នកណាទេក៏ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ នេះគឺជាការបោះឆ្នោតពិតមួយរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនិងអ្នកបំផ្លាញប្រជាធិបតេយ្យ»។
សម្ដេចតេជោបានលើកឡើងថារដ្ឋាភិបាលបានប្រមូលទាំងអស់តាមរួចរាល់ហើយរួមទាំងមានអ្នកសារភាពផងដែរ។
បើទោះបីជាសម្ដេចតេជោមិននិយាយសំដៅទៅលើគណបក្សណាមួយក៏ប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅលើគណបក្សភ្លើងទៀន ដែលក្រុមសកម្មជនរបស់គណបក្សនេះបានធ្វើការញុះញង់ឲ្យពលរដ្ឋទៅគូសបំផ្លាញសន្លឹកឆ្នោត។
សូមបញ្ជាក់ថា : កាលពីថ្ងៃទី១៦ ខែកក្កដា មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ មេដឹកនាំ២នាក់នោះរួមមាន លោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សភ្លើងទៀន។
ក្រោយមានការចាប់ខ្លួនគណបក្សភ្លើងទៀនបានចេញលិខិតមួយច្បាប់ដោយបានចាត់ទុកការចាប់ខ្លួននេះជាការគំរាមកំហែងក្នុងការធ្វើសកម្មភាពរបស់គណបក្សខ្លួន។
ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «គណបក្សភ្លើងទៀន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក លី រី និងលោក ប៊ុន ខេត ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបជុំគ្រួសារ និងបន្តសកម្មភាព នយោបាយជាមួយគណបក្សភ្លើងទៀនតទៅទៀត»។
នៅថ្ងៃជាមួយគ្នានោះវីដេអូសារភាពរបស់លោក ប៊ុន ខេត ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើ Channel Telegram របស់នាយករដ្ឋមន្ត្រីដោយលោក ប៊ុន ខេត បានសារភាពថាលោកពិតជាបានធ្វើការញុះញ៉ងឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតពិតមែនតាមការទទួលបញ្ជាពី «ទណ្ឌិត សម រង្ស៊ី»។
លោក ប៊ុន ខេត៖ «ដោយនៅពេលថ្មីៗនេះខ្ញុំបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឱ្យខ្ញុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតសម្រាបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះរបស់ប្រជាពលរដ្ឋអាស្រ័យដូចបានរៀបរាប់ខាងលើនេះសូមសម្ដេចអត់ឱនទោសដល់ខ្ញុំបាទដែលបានអនុវត្តខុសកន្លងមក»។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Chanel Telegram របស់សម្ដេចផងដែរថាក្នុងពេលដែលគណបក្សភ្លើងទៀនចេញសេចក្ដីថ្លែងការណ៍ថាខ្លួនតែងតែគោរពនូវច្បាប់ នីតិវិធីផ្សេងរបស់រដ្ឋ តែសមាជិករបស់ខ្លួនដែលប្រព្រឹត្តិខុសបានបញ្ជាក់ថាខ្លួននេះគឺធ្វើឡើងតាមការបញ្ជាពី សម រង្ស៊ី។
សម្ដេចបានចោទជាសំណួរថា៖ «តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»។
យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ មាត្រា១៤២ថ្មី បានចែងថាអ្នកដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវផាកពិន័យ៥លាន ទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ក្នុងច្បាប់ដដែលមាត្រា ១៤៣ថ្មី ចែងថាគណបក្សនយោបាយដែលប្រព្រឹត្តិអំពើល្មើសដូចខាងលើអាចនឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះជាសំណួរ តើបក្សភ្លើងទៀនអាចត្រូវរលាយឬអត់ ដែលក្រុមសកម្មជនរបស់គណបក្សនេះបានធ្វើការញុះញង់ឲ្យពលរដ្ឋទៅគូសបំផ្លាញសន្លឹកឆ្នោត ៕
ដោយ : សហការី