សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះអាចចាត់ទុកថាជាពេលវេលាចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វេទិកាសាធារណៈនៅថ្ងៃនេះអាចជាវេទិកាសាធារណៈចុងក្រោយរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកម្មវិធីលើកក្រោយៗប្រហែលជានាយករដ្ឋមន្ត្រីថ្មី នឹងមកធ្វើជាអធិបតីបន្តពីសម្តេចតែម្តង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១)។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា បើទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ក៏ដោយក៏សម្ដេចទៅកាន់តួនាទីថ្មី ជាប្រធានព្រឹទ្ធសភាផងដែរ។ នៅថ្ងៃទី២២ ខែសីហា ខាងមុខនឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅកាន់នាយករដ្ឋមន្ត្រីថ្មី ដោយឆ្លងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាទទួលលទ្ធផលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើនដែលតាមការប៉ាន់ប្រមាណ គឺគណបក្សនេះអាចគ្រប់គ្រងអាសនៈនៅក្នុងសភាបាន ១២០អាសនៈ។ ដោយឡែកគណបក្សហ្វិនសុិនបុិច ទទួលបាន ៥ អសនះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។ នេះការលះបង់ដ៏ធំធេងរបស់សម្ដេច គឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : លោកបណ្ឌិត ហ៊ុនម៉ាណែត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០៣ មានប្រសាសន៍ថា ទស្សនៈមួយក្នុងការដឹកនាំ ÷ “ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ”។

លោកបណ្ឌិតបានមានប្រសាសន៍លើឡើងថា, ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង… លទ្ធផលទោះជាតូចឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ។

លោកបណ្ឌិត ហ៊ុនម៉ាណែត ធ្លាប់មានប្រសាសន៍ថា, ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។

លោកបណ្ឌិតបញ្ជាក់ថា, ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។

លោកបណ្ឌិតបានលើកឡើងថា , ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print