ខេត្តកណ្តាល : សម្តេចតេជោផ្តល់កិត្តិយសចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ជិត៥៣គ.ម សមិទ្ធផលថ្មីនៅចុងអាណត្តិទី៦ ជាចំណែកមួយកាត់បន្ថយការកកស្ទះ លើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងជាមួយប្រទេសជុំវិញ។
សូមបញ្ជាក់ថា ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយ លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ សម្តេច លោក លោកស្រី ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោក លោកស្រី ជាថ្នាក់ដឹកនាំ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្នាក់ដឹក និងមន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តំណាងក្រុមហ៊ុនសំណង់សៀងហៃ(SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនពាន់នាក់។
ផ្លូវក្រវាត់ក្រុងទី៣ ដែលប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់ រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤(គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១(គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ក្នុងគម្រោងនេះដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។ បន្ថែមពីលើនេះ ក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
គោរពជម្រាបជូនគណៈអធិបតី និងអង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ខ្សែផ្លូវមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។
ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅចុងអាណត្តិទី៦ ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចឱ្យលេចចេញជារូបរាងឡើង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍ បម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋយើង ទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការចម្រើនរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11)
និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។
ក្នុងសុន្ទរកថាដ៏ខ្ពង់ខ្ពស់ចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗ សំខាន់ៗ ជាច្រើនតាមរយៈការសម្ពោធរដាក់ឱ្យដំណើរការ និងបើកការដ្ឋាននាពេលកន្លងមក។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ ក្រុមហ៊ុនសំណង់សៀងហៃ(SCG) ដែលជាអ្នកសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន ដែលទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ រហូតបានបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុក និងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដែកថែបនិងស្មោះត្រង់បំផុតរបស់កម្ពុជា ដែលតែងតែជួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ អាចបិយាយបានថាជាប្រទេសលំដាប់ទី១ ដែលបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានច្រើនជាងគេ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។
ព្រមជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកសហការគាំទ្រ និងផ្តល់ការយោគយល់ក្នុងការដោះស្រាយផលប៉ះពាល់ដីធ្លី លំនៅឋាន សម្រាប់ជំរុញដំណើរការសាងសង់រហូតបានជោគជ័យ។ មួយវិញទៀត សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបានប្រើប្រាស់សិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួន ទៅចូលរួមបោះឆ្នោតដោយត្រឹមត្រូវ និងមានតម្លាភាព យ៉ាងគគ្រឹកគគ្រេង ដែលនាំឱ្យរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នឹងអាចលេចចេញរូបរាងឡើងនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះក្រោមម្លប់សន្តិភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវតាមកាលកំណត់ ដែលទាំងអស់នេះគឺជាចំណែកក្នុងការចូលរួមរក្សាគុណភាពផ្លូវថ្នល់ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផងដែរ៕
ដោយ : សហការី