ខេត្តពោធិ៍សាត់ ៖ ម្សិលមិញ ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលទើបនឹងឡើងកាន់មុខដំណែងថ្មីៗដែរនេះ បានដឹកនាំកម្លាំងអន្តរាគមន៍ទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ចូលឆែកឆេរបង្រ្កាបទីតាំងទទួលផលចោរកម្ម ក្រោយបែកធ្លាយព័ត៌មានពីរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ២នាក់ រួមទាំងវត្ថុតាងជាច្រើន ដើម្បីនាំយកទៅបន្តនីតិវិធី ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែកបានចុះប្រតិបត្តិការផ្ទាល់ បានឲ្យដឹងថា ករណីឆែកឆេរ និងបង្រ្កាប់ទីតាំងទទួលផលចោរកម្មនេះ ធ្វើឡើងស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា លទ្ធផលៈ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន២នាក់ ទី-១ ឈ្មោះ ជា វ៉ា ហៅ(ពៅ)ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅ ភូមិ.ឃុំកើតហេតុ(ម្ចាស់ផ្ទះ)និងទី-២ ឈ្មោះ ម៉ម ប៊ុនសៀ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា ក្នុងនោះដកហូតវត្ថុតាងរួមមានៈ ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ចំនួន០៤គ្រឿង ស្លាកលេខម៉ូតូចំនួន៤១សន្លឹក និងសម្ភារៈ បំបែកគ្រឿងម៉ូតូមួយចំនួនផងដែរ បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំងចំនួន២នាក់ រួមទាំងវត្ថុតាង សម្ភារៈទាំងអស់ សមត្ថកិច្ចនគរបាលនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។
គួររំលឹកថា ប្រភពព័ត៌មានផ្សេងគ្នាមួយថា មុខរបរជនសង្ស័យពាក់ព័ន្ធត្រូវបានបង្រ្កាបនេះ បានបើកយូក្រែលដែរហើយ ពុំមានការបង្រ្កាបទេ ហើយគេក៍ពុំដឹងអំពីមូលហេតុនោះដែរ ទើបតែពេលនេះឃើញកម្លាំងចុះព្រោងព្រាតបែបនេះ ប៉ុន្តែអ្នកខ្លះនិយាយថា ការបង្រ្កាបនេះដោយសារការបែកធ្លាយព័ត៌មាន ចេញពីរាជធានីភ្នំពេញ ៕ ដោយៈ ប៉ឹម ពិន