ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) និងក្លែងបន្លំឯកសារសារធារណៈ (ប្រើស្លាកលេខម៉ូតូក្លែងបន្លំ) យកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោកស្នងការខេត្ត បានបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានជិះម៉ូតូល្បាតតាមដងផ្លូវដល់ចំណុចមុខផ្សារទំនើបចិន ឆ្នេរអូរឈើទាលស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទេះឃើញម៉ូតូ ០២គ្រឿង កំពុងឈប់នៅមុខផ្សារទំនើបចិន ដោយមានបុរសជនជាតិខ្មែរ ០៥នាក់ អង្គុយនៅលើម៉ូតូ ក្នុងនោះមាន ០៣នាក់ អង្គុយនៅលើម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ និង០២នាក់ទៀត អង្គុយនៅលើ ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-0381 គួរឲ្យសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងចូលទៅសួរនាំ និងត្រួតពិនិត្យ។
ភ្លាមនោះស្រាប់តែជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញបានជិះដេញតាមដល់ចំណុចផ្លូវមុខផ្ទះសម្តេច ឆ្នេរអូរឈើទាល ទើបស្ទាក់ឃាត់បានម៉ូតូ ០១គ្រឿង ម៉ាក និច និងជនសង្ស័យ ០២នាក់ រីឯជនសង្ស័យ ០៣នាក់ទៀត ដែលជិះម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បានជិះម៉ូតូរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចជំនាញបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង១៦និង៣០នាទី ទើបឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និង ក្លែងបន្លំឯកសារសារធារណៈ (ប្រើស្លាកលេខម៉ូតូក្លែងបន្លំ) ។
ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ អុន ជូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកម្ហូប មានទីលំនៅ ភូមិកម្ចីចាស់ ឃុំពោធិចំរើន ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ពេជ្រ ចន្ថា ហៅក្រៅ អាធ្មេញ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ប៊ុន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ យឹម គីមហាក់ ហៅក្រៅ អាតឿ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
សម្ភារវត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស-ខៀវ ពាក់ផ្លាកលេខៈ ភ្នំពេញ 1JX-0381 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខៈ កំពត 1V-2834 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-សម្ភារផ្សេងៗមួយចំនួនទៀត ។
ចំពោះជនសង្ស័យទាំង ០៤នាក់ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ៖សហការី