ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលកប់ក្នុងដីស្រែចំការ ក៏ដូចជានៅតាមតំបន់ជាយដែន ត្រូវបានប្រជាពលរដ្ឋតែងតែប្រទះឃើញ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។
ជាក់ស្ដែងមានប្រជាពលរដ្ឋឈ្មោះ ធីវ ចែម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចអាច៍ស្វា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទមីនតោន ចំនួន០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន Hello trust ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ដោយ៖សហការី