យាយម៉ាប់និងកូនៗដែលមានសិប្បកម្មក្បែរៗស្នាក់ការបរិស្ថាន, ឃុំមេម៉ង់កំពុងសម្រុកទទួលទិញឈើចូលតាមម៉ូតូ ១យប់យ៉ាងតិចប្រមាណជិត៣០ម៉ូតូ !

ចែករំលែក៖

ខេត្តមណ្ឌលគិរី : សកម្មភាពទទួលទិញឈើ ដែលប្រជាពលរដ្ឋ កាប់អារដ៏អណាធិបតេយ្យ ចេញពីតំបន់ភ្នំព្រិច ត្រូវបានក្រុមយាយម៉ាប់ និងកូនៗរបស់គាត់ ដែលមានទីតាំងសិប្បកម្ម នៅឃុំមេម៉ង់ ទទួលទិញ ក្លាយទៅជាមុខជំនួញល្មើសច្បាប់ជំនាញរបស់ពួកគាត់ទៅហើយ។ ដោយឡែកសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ ភាគច្រើនដើរតួ កន្ទេលធំបន្លំដេក ឬគិតផលប្រយោជន៍ ពីសកម្មភាពទាំងនេះទៅវិញ ?

សូមបញ្ជាក់ថា : យាយម៉ាប់និងកូនប្រុសស្រីទាំង២នាក់នៅតែជាមេក្លោង ក្នុងការប្រមូលទិញឈើមកផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង និងបន្តដឹកឈើចេញទៅលក់ថែមទៀតផង។ មួយរយ:ចុងក្រោយនេះ សកម្មភាពដឹកឈើចូលសិប្បកម្មរបស់យាយម៉ាប់ និងកូនរបស់គាត់មានការកើនឡើងគួរឲ្យកត់សម្គាល់។ យ៉ាងហោចណាស់ក៏ក្នុងមួយយប់ ទីតាំងនីមួយៗ ប្រមូលទិញឈើពីប្រជាពលរដ្ឋដឹកតាមម៉ូតូ នៅពេលយប់ ក្នុងមួយកន្លែងជិត ៣០ម៉ូតូឯណោះ ដែលសកម្មភាពនេះ ក្លាយទៅជាវប្បធម៌ទម្លាប់ ត្រូវដងត្រូវផ្លែគ្នា រួចទៅហើយជាមួយនឹង សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ ទើបក្រុមឈ្មួញបន្តធ្វើអាជីវកម្មបានយ៉ាងនេះស្រួល។

អ្វីដែលគួរឲ្យកត់សម្គាល់ផងនោះ គឺទីតាំងសិប្បកម្មរបស់យាយម៉ាប់និងកូនៗនៅជិតស្នាក់ការបរិស្ថានមេម៉ង់ ក្រោមការគ្រប់គ្រងរបស់លោក សោម វិសាល និងដែនជម្រកសត្វព្រៃភ្នំព្រេចរបស់ លោក ព្រហ្ម វិបុលរតនៈ។

យាយម៉ាប់និងកូនប្រុសស្រី សុទ្ធតែមានទីកន្លែងផលិតគ្រឿងសង្ហារឹមរៀងៗខ្លួន ហើយនៅមិនឆ្ងាយពីស្នាក់ការបរិស្ថានមេម៉ង់នៃដែនជម្រកសត្វព្រៃភ្នំព្រេចប៉ុន្មានរយម៉ែត្រនោះឡើយ។

សូមបញ្ជាក់ជូនថា, កន្លងទៅ លោក ស្វាយ សំអ៊ាង អតីតអភិបាល ខេត្តមណ្ឌលគីរី យល់ព្រមតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មិនអនុញ្ញាតឲ្យមានកន្លែងផលិតគ្រឿងសង្ហារឹម នៅក្បែរតំបន់ការពារបរិស្ថាននោះឡើយ។

ប៉ុន្តែសម្រាប់ លោក ព្រហ្ម វិបុលរតនៈ ក្នុងនាមនាយកដែនជម្រកសត្វព្រៃភ្នំព្រេចមិនខ្វល់នឹងសេចក្តីណែនាំរបស់អភិបាលខេត្តដែលធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះឡើយ។ មានន័យថា សេចក្តីណែនាំរបស់អតីតអភិបាលខេត្តនោះ ត្រូវបាន លោក ព្រហ្ម វិបុលរតនៈ ចាត់ទុកថាជារឿងធម្មតាទៅហើយ។

ពាក់ព័ន្ធក្នុងករណីនេះ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទថា, ចំពោះទីតាំងរបស់យាយម៉ាប់ និងកូនៗរបស់គាត់ បើតាមខ្ញុំដឹង ដូចជាផុតច្បាប់អនុញ្ញាតទៅហើយ ប្រសិនបើមានសកម្មភាពបែបនេះមែន ខ្ញុំនឹងឲ្យមន្ត្រីចុះពិនិត្យផ្ទាល់ ដើម្បីហៅមកធ្វើកិច្ចសន្យាបញ្ឈប់ បើគាត់គ្មានច្បាប់អនុញ្ញាត ។ លោកអភិបាលស្រុកបានបន្តថា, អ្វីដែលធ្វើមិនស្របច្បាប់ ខ្ញុំមិនអនុញ្ញាតជ្រែក ហើយក៏សូមអរគុណចំពោះការសួរនាំនេះផងដែរ។

លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច តាមទូរសព្ទ លោកមិនបានធ្វើការបកស្រាយវែងឆ្ងាយអ្វីទេ ដោយគ្រាន់បញ្ជាក់ថា, ចំពោះសិប្បកម្មរបស់ពួកគាត់ មានច្បាប់ ឬអត់ច្បាប់ ជាតួនាទីរបស់រដ្ឋបាលព្រៃឈើ ដូច្នេះអាចសួរទៅខាងនោះចុះ ។ ចំពោះករណី ដែលមានការកាប់នឹងអាឈើចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដឹកតាមម៉ូតូ មកលក់ឱ្យក្រុមកូនចៅនិយាយម៉ាប់ និងភរិយាតាអ៊ុច លោកមិនបានបកស្រាយឡើយ។
យាយម៉ាប់ តាមទូរសព្ទជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” គាត់បាននិយាយថា, កាលពីមុន ខ្ញុំបានធ្វើសិប្បកម្មមែន និងមានច្បាប់អនុញ្ញាត ។ ប៉ុន្តែមួយរយៈនេះ ខ្ញុំបានឈប់ធ្វើហើយ ក្នុងនោះក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ជាមួយនឹងរដ្ឋបាលព្រៃឈើ ក៏ដូចជាអាជ្ញាធរស្រុក។ លោកស្រីបន្តថា, ខ្ញុំឈប់ធ្វើហើយ ព្រោះគ្មានពេលឯណា បើរវល់តែធ្វើផ្ទះមិនទាន់នឹងហើយផង។ ដោយឡែកចំពោះកូនៗរបស់ខ្ញុំ គេធ្វើ គេរកស៊ី នោះជារឿងរបស់ពួកគេ ខ្ញុំអត់ដឹងទេ… សូមសួរទៅកាន់ពួកគេចុះ។
លោកស្រី ណារិន ដែលជាកូនយាយម៉ាប់ បានប្រាប់តាមទូរសព្ទថា, ខ្ញុំមិនមែនជាអ្នកធ្វើសិប្បកម្ម ឬក៏ប្រមូលទិញឈើតាមម៉ូតូ ដូចដែលគេបានចុះផ្សាយ និងមានរូបភាព តាមពិតរូបភាពទាំងនោះ មិនមែនជាកន្លែងរបស់ខ្ញុំទេ។ លោកស្រីបានបន្តថា, ខ្ញុំឈប់ធ្វើសិប្បកម្មនេះ ប្រហែលមួយឆ្នាំ ទៅពីរឆ្នាំហើយ ។ សូម្បីតែ បងពៅ ក៏គាត់មិនបានធ្វើសិប្បកម្មនេះដែរ ។
ឈ្មោះ ណារីន ដែលជាកូនយាយម៉ាប់ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយទូរសព្ទត្រូវបានបិទ។

សូមបញ្ជាក់ថា : ករណីធ្វើអាជីវកម្ម សិប្បកម្ម នៅចំណុចភូមិ-ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជិតស្នាក់ការឃុំមេម៉ង់ , ជិតស្នាក់ការបរិស្ថានមេម៉ង់ គឺជារបស់កូនចៅយាយម៉ាប់ មានឈ្មោះដូចជា , ណារិន , ណារីន និងកូនប្រសារឈ្មោះ ម៉េង ឃាង (ហៅពៅ) គាត់ជាសមត្ថកិច្ចផងដែរ។ បើនៅខេត្តជាសិប្បកម្មរបស់តាអ៊ុច , តាអ៊ុចបានទទួលមរណភាពប៉ុន្មានខែមុននេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ។ បច្ចុប្បន្នប្រពន្ធរបស់គាត់ ជាអ្នកគ្រប់គ្រង និងបន្តធ្វើសិប្បកម្មដដែល ។

មន្ត្រីខ្លះបានទម្លាយថា ,សិប្បកម្ម នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម៉ាស៊ីនធ្វើសិប្បកម្មមានច្បាប់ តែច្បាប់ផ្គត់ផ្គង់ឈើគ្មានទេ ដោយគ្មានសហការជាមួយនឹងក្រុមហ៊ុនព្រៃសម្បទានស្របច្បាប់ ។ ២ឆ្នាំមុនមានច្បាប់មែន ដោយសារទទួលទិញពីក្រុមហ៊ុនរបស់ឧកញ៉ាល័ក្ខ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេធ្វើលោតឆ័ត្រ ឈើទាំងអស់ប្រមូលទិញពីប្រជាពលរដ្ឋដឹកតាមម៉ូតូ ដែលអារ នឹងកាប់ចេញពីតំបន់ដែនជំរកសត្វភ្នំព្រិច ។

លោក អ៊ូ ភគ៏ក្ដី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេថា, តើទីតាំងសិប្បកម្មរបស់ឈ្មោះខាងលើនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ ,ហើយបើមានច្បាប់អនុញ្ញាតត្រឹមត្រូវ តើម្ចាស់ទីតាំងទាំងអស់នោះ មានសិទ្ធិប្រមូលទិញឈើពីប្រជាពលរដ្ឋដែលដឹកតាមម៉ូតូដែលឬទេ ? ដោយទូរសព្ទចូលគ្មានអ្នកទទួល ៕

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print