ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេសួនច្បារព្រះសក្យមុនីចេតិយ ស្ថិតនៅមុខស្ថានីយរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុល និងកែលម្អឡើងវិញអស់រយៈពេលច្រើនខែដែលស្ថាបនារួចរាល់ហើយនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០១ កក្កដា ២០១៦ ខាងមុខនេះ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋ បានមានប្រសាសន៍ឱ្យដឹងថា សួនច្បារព្រះសក្យមុនីចេតិយ ត្រូវបានធ្វើការជួសជុល និងកែលម្អឲ្យមានសោភ័ណភាពឡើងវិញ កាលពីពេលកន្លងមក ។ ហើយមកដល់ពេលនេះសួនច្បារនេះបានស្ថាបនារួចរាល់ហើយ ដោយក្រុមការងារបាន និងកំពុងរុះរើរបងការដ្ឋានចេញ និងការងារបោសសម្អាត ដើម្បីត្រៀមធ្វើពិធីសម្ពោធក្នុងពេលឆាប់ៗនេះ ។
លោកសាំ ពិសិដ្ឋបន្តថា ចំពោះការងារជួសជុល និងកែលម្អនេះយើងបានស្ថាបនាអាងបាញ់ទឹកជុំវិញ ព្រះសក្យមុនីចេតិយបំពាក់ដោយភ្លើង LED ព្រមទាំងរៀបកម្រាលថ្មក្រានីត រៀបចំសួនច្បារ ដាំស្មៅ ផ្ការំដួលជាច្រើនដើមដើម ដាំដើមជ្រៃដើមតែ និងផ្កាកូឡាបក្រហមឲ្យមានសោភ័ណភាព និងមានដាក់បង់សម្រាប់ប្រជាពលរដ្ឋអង្គុយលេងកម្សាន្តយកខ្យល់អាកាសបរិសុទ្ធផងដែរ៕
ដោយ៖ ប្រាថ្នា