នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង របស់អាមេរិក ចូលបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់រដ្ឋអូស្រ្តាលីខាងលិច កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលទីក្រុងកង់បេរ៉ានិងទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងការពារជាតិទ្វេភាគី កាន់តែមានភាពស៉ីជម្រៅខ្លាំងថែមទៀត ហើយសម្ព័ន្ធមិត្តទាំងពីរក៏កំពុងត្រៀមលក្ខណៈផងដែរ សម្រាប់ការផ្ទេរបច្ចេកវិទ្យានាវាមុជទឹកបែបនេះ ឱ្យមកប្រទេសអូស្រ្តាលី។

នាវាមុជទឹកអាមេរិកខាងលើ បានមកដល់មូលដ្ឋានយោធាជើងទឹកអូស្រ្តាលី HMAS Stirling ដែលស្ថិតនៅលើកោះ Garden Island សម្រាប់ការបំពេញទស្សនកិច្ច ដែលបានគ្រោងទុកជាមុន ក្រោមផ្នែកនៃបេសកកម្មល្បាតមួយរបស់នាវាមុជទឹកនោះ នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ មូលដ្ឋាន Stirling នឹងត្រូវឆ្លងកាត់ការពង្រីកបន្ថែម ក្នុងគម្រោងទំហំ៨ពាន់លានដុល្លារអូស្រ្តាលី (៥.២៧ពាន់លានដុល្លារអាមេរិក) ដើម្បីក្លាយជាមូលដ្ឋានធំមួយ សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០២៧ តទៅ នៅក្រោមភាពជាដៃគូ AUKUS រវាងអូស្រ្តាលី អាមេរិក និងអង់គ្លេស។
ប្រទេសអូស្រ្តាលី គ្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូសធម្មតាមិនមែននុយក្លេអ៊ែរ នៅទសវត្សរ៍ក្រោយ ពីសហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មី នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ អំលុងទសវត្សរ៍ឆ្នាំ២០៤០៕

...

រូប​ថត​:TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print