ក្រុមបាល់ទាត់បិសាចក្រហមManchester United បានទទួលជោគជ័យក្នុងការទិញខ្សែប្រយុទ្ធដាណឺម៉ាកasmus Hojlund ក្នុងតម្លៃខ្លួន៨២លានដុល្លារពីក្រុម Atalantaនៅក្នុងប្រទេសអ៊ីតាលី។
កីឡាករវ័យទើបតែ២០ឆ្នាំ Hojlund បានចុះកិច្ចសន្យាលេងឲ្យក្រុមបិសាចក្រហមរយះពេល៥ឆ្នាំ ដោយមានជម្រើសបន្តកុងត្រាមួយរដូវកាលបន្ថែមទៀតផងដែរក្រោមការដឹកនាំរបស់លោកErik ten Hag មុនពេលកម្មវិធីប្រកួតដណ្តើមពានរង្វាន់អង់គ្លេសPremier Leagueរដូវកាលថ្មីចាប់ផ្តើមណាពេលឆាប់ៗនេះ។
ខ្សែប្រយុទ្ធ Hojlund បានថ្លែងថា “ប្រាប់តាមត្រង់ទៅចុះ ក្រុមManchester Unitedគឺជាក្លិបដែលខ្ញុំប្រាថ្នាចង់លេងឲ្យតាំងពីខ្ញុំនៅក្មេងម្លេះ។ ពេលនេះខ្ញុំបានទទួលឱកាសដ៏ល្អកម្ររកបានដែលអាចនិយាយបានថាក្តីស្រមៃរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ។ ទោះបីជាខ្ញុំដឹងថាខ្ញុំស្ថិតនៅក្នុងវ័យក្មេងខ្ចីក្នុងអាជីពបាល់ទាត់ក៏ដោយក៏ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមលេងបាល់ទាត់ជាមួយនឹងកីឡាករលំដាប់ពិភពលោកនៅទីនេះ។”
Hojlund បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយនឹងក្រុមខ្លាំងដាណឺម៉ាក FC Copenhagen ក្នុងឆ្នាំ២០២០មុនពេលផ្លាស់ទៅលេងឲ្យក្រុមរបស់ Sturm Graz ប្រទេសអូទ្រីសដោយស៊ុតបាល់ទាត់១២គ្រាប់ក្នុងចំណោម២១ប្រកួតទើបធ្វើឲ្យមានការចាប់អារម្មណ៏ខ្លាំងពីក្រុម Atalanta ហើយបានចុះកុងត្រាទិញយកគាត់នៅក្នុងខែសីហាឆ្នាំ២០២២។