ភ្នំពេញ៖ ផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅផ្លូវលេខ១០៥K ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌជាច្រើន។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌសែនសុខ បានថ្លែងឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះជាផ្លូវដែលអភិវឌ្ឍន៍តាមគម្រោងរបស់សាលារាជធានីភ្នំពេញដោយមានការឯកភាពពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលតម្រូវឲ្យស្ថាបនាឲ្យបានរូសរាន់ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍ដែលកើតមានជាប្រចាំនាពេលបច្ចុប្បន្ន ដោយចំណាយប្រាក់អស់ចំនួន ៤៥៨, ៣៥៤, ០០០រៀល។
លោកអភិបាលខណ្ឌបានថ្លែងឲ្យដឹងទៀតថា ទាំងនេះគឺបានមកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលម៉ៅការត្រូវតែស្ថាបនាផ្លូវនេះឲ្យបានល្អ និងត្រូវតាមស្តង់ដារគម្រោងមានស្រាប់។ លោកក៏បានសំណូមពរ និងអធ្យាស្រ័យចំពោះពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែនេះកុំអាក់អន់ស្រពន់ចិត្តនៅពេលដែលក្រុមការងារសាងសង់ស្ថាបនាផ្លូវធ្វើឲ្យប៉ះពាល់ដល់មុខផ្ទះ ព្រមទាំងជួយតាមដានក្រុមហ៊ុនសាងសង់ បើធ្វើមិនត្រូវតាមស្តង់ដារទេ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
ដោយ៖ តុង សីហា