ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី និងរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ជាកញ្ចប់អាហារ ស្រាយបួស និងថវិកា មកចែកជូនបងប្អូនពលរដ្ឋក្រីក្រខ្មែរអ៊ិស្លាមចំនួន៣៥០ គ្រួសារ មកពីសង្កាត់ច្រាំងចំរេះ១និង២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ពេលវេលា នៃពិធីបួសរ៉ាម៉ាឌន កាន់តែខិតជិតមកដល់ នៅសល់ប្រមាណតែ ៣ថ្ងៃ ៤ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងបញ្ចប់ពិធីនេះ លោកសង្ឃឹមថាក្នុងឱកាសមួយខែនេះ បងប្អូនអ្នកបួសទាំងអស់ និងបានសាងនូវអំពើរល្អ ព្រមទាំង សន្សំនូវ បុណ្យកុសល្សច្រើនក្នុងនោះដែរ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់គ្នា ជាមួយអ្នកជិតខាង ការចូលរួមជាមួយសហគមន៍ទាំងមូលបានធ្វើឲ្យកាន់តែមានភាពស្និទ្ធស្នាល និងទទួលបានការហាត់ពត់លត់ដំច្រើនសម្រាប់ឆាកជីវិតរបស់យើង ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានដោះស្រាយ និងអនុគ្រោះជាច្រើន ដល់សហគមន៍ខ្មែរអ៊ិស្លាមទាំងប្រទេសផងដែរ។ រហូតដល់ពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចជាគោលការណ៍បញ្ចូល គ្រូបង្រៀនខ្មែរអ៊ិស្លាម ប្រមាណ១៥០០នាក់ ទៅក្នុងក្របខណ្ឌ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាការជួយដោះ ស្រាយជីវៈភាពបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមទាំងមូលបានយ៉ាងច្រើន បើគិតជាថវិកាដែលសហគមន៍ខ្មែរអ៊ិស្លាម ទទួលបានសរុបក្នុងមួយឆ្នាំៗប្រមាណ ៤លានដុល្លារឯណោះ ។
សមិទ្ធផលទាំងនេះ ក៏មានការខិតខំប្រឹងប្រែង របស់សមាគម និងសហគមន៍អ៊ិស្លាមដែលបានទទួលអំណោយនានា ពីសប្បុរសជនអន្តរជាតិ ដើម្បីយកមកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការីកចម្រើន។ នេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា គ្មានការរើសអើងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្ដថា៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ រួមចំណែកយ៉ាងធំធេងក្នុងការលើកកំពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងពិតប្រាកដ ។
ជាមួយគ្នានេះដែរ លោកក៏សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ និងប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងផ្ទះដូចជា ចរន្តអគ្គិសនី ចង្ក្រានហ្គាស ភ្លើងទៀនជាដើម គឺត្រូវបិទ និងរៀបចំដោយប្រុងប្រយ័ត្ន មុននិងចេញដំណើរ ទៅប្រកបមុខរបបរ ការងារខាងក្រៅព្រោះ រដូវនេះមានខ្យល់កន្រ្កាក់ ដែលនំាឲ្យបង្កគ្រោះអគ្គិភ័យកើតឡើងគ្រប់ពេលវេលា ៕
ដោយ៖ សំរិត