ភ្នំពេញ : រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ។
មាត្រា១ -ត្រូវបានកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ពីផ្ទៃដីទំហំ៤០២ ៥០០(បួនសែនពីរពាន់ប្រាំរយ) ហិកតា មកផ្ទៃដីទំហំ៤២៨ ៩៧១(បួនសែនពីរម៉ឺនប្រាំបីពាន់ប្រាំបួនរយចិតសិបមួយ)ហិកតា ស្ថិតក្នុង ភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា (តាមប្រព័ន្ធកូអរដោណេ Project UITM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។
ផ្ទៃដីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤០២ ៥០០ (បួនសែនពីរពាន់ប្រាំរយ)ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ២៦ ៤៧១(ពីរម៉ឺនប្រាំមួយ ពាន់បួនរយចិតសិបមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
មាត្រា២-អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ
ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ
– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ
ធម្មជាតិ
– ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព
– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
មាត្រា៣ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្ត ឧត្តរមានជ័យ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ មាត្រា៤-លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
មាត្រា៥-អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៦-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា