ភ្នំពេញ : យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖ …ពុំទាន់មានការណែនាំណាមួយពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ឱ្យឆ្លើយសម្រេចចិត្តពីស្ថានភាពអនាគត ការងាររបស់សាមីខ្លួន ថានៅបន្តឬឈប់ពីការងារដោយមូលហេតុណាមួយនៅឡើយទេ។
នាយិកាខុទ្ទកាល័យក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា, យោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមេត្តា ជ្រាបថា ក្រោយពីឯកឧត្តមរដ្ឋមន្ត្រីបានទាក់ទងសុំការបំភ្លឺជាផ្លូវការពី ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរួចមក លោកបានបញ្ជាក់ច្បាស់ថា មកដល់ថ្ងៃនេះពុំទាន់មានការណែនាំណាមួយពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ឱ្យឆ្លើយសម្រេចចិត្តពីស្ថានភាពអនាគត ការងាររបស់សាមីខ្លួន ថានៅបន្តឬឈប់ពីការងារដោយមូលហេតុណាមួយនៅឡើយទេ។
ប្រសិនបើមានការជូនដំណឹងជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី នឹងជូនដំណឹងជាចំហ និងផ្លូវការតាមក្រោយ។
អាស្រ័យហេតុនេះ បើមានការណែនាំណាមួយខុសពីសេចក្តីជូនដំណឹងខាងលើនេះ សូមមេត្តា ចាត់ទុកជាមោឃៈ៕
ដោយ : សហការី