ខេត្តព្រះសីហនុ៖ បន្ទាប់ពីមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានកាត់យកសំណាកកម្អួតត្រីបាឡែន បញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិតហើយ ចំពោះលទ្ធផលនៃការធ្វើតេស្ត គឺពិតជាកម្អួតត្រីបាឡែន ប្រាកដមែន និងមានតម្លៃថ្លៃថែមទៀត(រាប់សែនដុល្លារ និងអាចឈានដល់រាប់លានដុល្លារឯណ្ណោះ។
គួររម្លឹកថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន នៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។
សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះ មានឈ្មោះ ឡី ប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ(កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយឡែកជុំវិញករណីនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាមរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសាកសួរព័ត៌មានលម្អិត ប៉ុន្តែតេចូលតែគ្មានអ្នកលើក ។ រីឯតាមប្រព័ន្ធតេឡេក្រាមវិញ មិនទាន់មានការឆ្លើយតបនោះទេ។
គួរបញ្ជាក់ថា អង្គភាពយើង និងតាមដានបន្តស្រាវជ្រាវករណីខាងលើនេះ ថាតេីវាជាករណីពិត ឫក៏មិនពិតនាពេលក្រោយ សូមអរគុណ៕ ដោយ៖សហការី