Update៖​ លោក​ គួច​ ចំរើន​ ករណី​កម្អួតត្រីបាឡែន​ មិនទាន់​មាន​លទ្ធ​ផល​ជាក់លាក់​ណា​ ថាជា​កម្អួត​ត្រី​បាឡែន​នោះទេ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានបញ្ជាក់​ឱ្យដឹងនៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​កម្អួតត្រីបាឡែន​ មិនទាន់​បាន​លិទ្ធ​ផលអ្វីនោះទេ​ ប្រសិនបើ​មានលិទ្ធផល​យ៉ាងណានោះលោក​នឹងឱ្យ​អ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ​ ប្រកាស​ជាសាធារណៈ​ជូន។

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ មាន​អង្គភាព​បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួន​បានសរសេរថា​ បន្ទាប់ពី​​មន្ត្រីជំនាញ​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ​ បានកាត់យកសំណាកកម្អួតត្រីបាឡែន​ បញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិតហើយ ចំពោះលទ្ធផលនៃការធ្វើតេស្ត​ គឺពិតជាកម្អួតត្រីបាឡែនប្រាកដ​មែន​ និងមានតម្លៃថ្លៃថែមទៀត​(រាប់​សែន​ដុល្លារ​ និងអាចឈានដល់​រាប់​លានដុល្លារ​ឯ​ណ្ណោះ។

គួររម្លឹកថា​ រដ្ឋបាលខេត្តព្រះសីហនុ​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ថ្មី​ៗនេះ​ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា​ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន នៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។

សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះ មានឈ្មោះ ឡី ប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ(កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែក​ជុំវិញករណីនេះដែរ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានទំនាក់ទំនងតាមទូរស័ព្ទ​ និង​ប្រព័ន្ធ​តេឡេ​ក្រាម​របស់លោក​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ លោកបានបញ្ជាក់ថា៖​ មិនទាន់​បាន​លិទ្ធ​ផលអ្វីនោះទេ​ ប្រសិនបើ​មានលិទ្ធផល​លោក​នឹងឱ្យ​អ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ​ ប្រកាស​ជាសាធារណៈ​ជូន។

...

គួរបញ្ជាក់ថា​ អង្គភាព​យើង​ និង​តាមដានបន្តស្រាវជ្រាវ​ករណី​ខាងលើ​នេះ​ ថាតេីវា​ជាករណី​ពិត​ ឫក៏មិនពិតនាពេលក្រោយ​ សូមអរគុណ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print