សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថាអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនករណីឆ្លងកូវីដ១៩ ថ្មី ដែលត្រូវបានរាយការណ៍ជាសកលបានកើនឡើង ៨០% កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីការកំណត់នូវ «ទម្រង់បំប្លែងខ្លួនថ្មីរបស់វីរុស»។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីខែឧសភាថា កូវីដ-១៩ លែងជាជំងឺអាសន្នសុខភាពសកលទៀតហើយ ប៉ុន្តែបានព្រមានថា មេរោគនឹងបន្តរីករាលដាល និងបំប្លែងខ្លួនថ្មី ដែលជួនកាលបណ្តាលឱ្យមានការឆ្លងរាលដាល ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ផងដែរ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនថា ប្រទេសនានាបានរាយការណ៍អំពីករណីថ្មីជិត ១.៥លានករណី នៅចន្លោះថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហាដែលជាការកើនឡើងជាង ៨០% បើធៀបនឹង ២៨ថ្ងៃមុន។
ទោះជាយ៉ាងណាក៏ដោយការស្លាប់បានធ្លាក់ចុះ ៥៧% មកត្រឹម ២,៥០០នាក់។ អង្គការសុខភាពពិភពលោកបានព្រមានថា ករណីដែលបានរាយការណ៍ និងការស្លាប់មិនឆ្លុះបញ្ចាំងពីចំនួនពិតនោះទេ។
ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា ករណីថ្មីជាច្រើនបានកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលឃើញថាមានការឆ្លងកើនឡើងដល់ទៅ ១៣៧ភាគរយ។ ចំណែកប្រទេសជាច្រើននៅអឌ្ឍគោលខាងជើង រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងជប៉ុន ក៏បានឃើញការកើនឡើងនៃករណីនៅរដូវក្តៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ៕
រូបថត: TTXVN