សម្ដេចតេជោ ហ៊ុន សែន អ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ!

ចែករំលែក៖

ភ្នំពេញ​៖​ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ​ បានមានប្រសាសន៍ថាកម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ ជាពិសេស​សម្ដេចតេជោ​ បានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខផងដែរ។

ការថ្លែងបែបនេះ​របស់​ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វេីឡេីង​ក្នុងឱកាស​ សម្ដេចតេជោ​ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ​ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។ 

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ។​ លោកប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

កិច្ចសន្ទនាក៏បានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី​ បានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះ​ លោកសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print