លោក អធិការរងខណ្ឌចំការមនម្នាក់ ដែលប្រើហិង្សាលើប្រជាពលរដ្ឋម្នាក់ ដែលបើករថយន្តបុករបាំងថ្មគម្របលូ និងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់មកកាន់សារព័ត៌មាន ជុំវិញ ករណីបុរសម្នាក់បានបើករថយន្ត PRIUS ទៅបុកឃឿនគម្របលូ ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច តែមានលោកអធិការរងនគរបាលខណ្ឌចំការមន ម្នាក់ បានមកឃាត់រថយន្ត ហើយប្រើហិង្សាលើម្ចាស់រថយន្តរហូតដល់សន្លប់។

លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា ចំពោះករណី លោកអធិការរងខណ្ឌចំការមុនបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ដែលបើករថយន្តបុករបាំងថ្មគម្របលូផ្ទះប្រជាពលរដ្ឋគឺជា អំពើល្មើសច្បាប់ និងវិន័យកងកម្លាំង ហើយដោយអនុវត្តតាមបទបញ្ជានិងការណែនាំ របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បញ្ជាទៅកម្លាំងនគរបាលខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ ទៅលើមន្ត្រីដែលប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ។ ហើយចំពោះប្រជាពលរដ្ឋ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវណែនាំ ឬ ឃាត់យាន្តយន្ត ដើម្បីផាកពិន័យ ឬ ធ្វើសងថ្លៃការខូចខាត ក្នុងនាមជាមន្ត្រីនគរបាល មិនត្រូវប្រើហិង្សាទៅលើប្រជាពលរដ្ឋឡើយ។

សមត្ថកិច្ចបញ្ចាក់ថា ជនដែលប្រើហិង្សាលើប្រជាពលរដ្ឋ គឺ​ លោក​ វរសេនីយ៍​ទោល​ ហ៊ុត​ គង់​ អធិការ​រង​ខណ្ឌ​ចំការមន​​ ទទួលផែនការងារ ជំនាញកោសល្យវិច័យ នៃ​អធិការ​ដ្ធាន​ខណ្ឌ​ចំការមន​។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។

...

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print