ក្លិបជើងឯករបស់ប្រទេសបារាំង Paris Saint-Germainបានប្រកាសជាផ្លូវការតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មី។
គ្រួបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៤ឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចសន្យា រយៈពេល២ឆ្នាំ។
លោក Emery បានបញ្ចប់កិច្ចសន្យា ជាមួយនឹងក្រុម Sevilla ក្រោយដឹកនាំ ក្រុមនេះឈ្នះជើងឯក Europa League ៣សម័យជាប់ៗគ្នា។
គាត់បាននិយាយថា “ខ្ញុំមានមោទនភាពណាស់ដែលបានក្លាយទៅជាគ្រូបង្វឹករបស់ក្លិបParis Saint-Germain។ ក្លិបនេះក្លាយទៅជាក្លិបធំរបស់ពិភពលោកមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំសប្បាយ ចិត្តនិងមានកិត្តិយសបំផុត ហើយអន្ទះសា ចង់ជួបសមាជិកថ្មីរបស់ខ្ញុំនិងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជួយឲ្យក្រុមរីកចម្រើន”។
ចំណែកលោក Nasser al-Khelaifi ប្រធានក្លិប Parisក៏បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែរដើម្បីស្វាគមន៍លោក Unai Emery ជាគ្រូបង្វឹកថ្មី ។
លោក Unai Emery មកជំនួសតំណែង របស់លោក Laurent Blanc ដែលបាន សម្រេចចិត្តចាកចេញ ក្រោយជួយក្រុមនេះ ឈ្នះជើងឯករបស់ប្រទេសបារាំងចំនួន៣ រដូវកាលជាប់ៗគ្នា ។
គ្រូបង្វឹកសញ្ជាតិបារំាងវ័យ៥០ឆ្នាំនេះ ដឹកនាំក្រុមParis Saint-Germain ឈ្នះ ជើងឯកនៅក្នុងប្រទេស បារាំងរហូតក្នុង រយៈពេល៣ឆ្នាំចុងក្រោយនេះប៉ុន្តែពួកគេបានធ្លាក់ពីក្របខ័ណ្ឌ Champions League នៅវគ្គ៨ក្រុមចុងក្រោយ៣ឆ្នាំជាប់ៗគ្នាផងដែរ ៕
ដោយ៖ ដេវីត