ខេត្តកំពង់ចាម៖ ផ្ទះបើក Internet បង្កប់លេងល្បែងសីុសងមួយកន្លែងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសហការជាមួយនគរបាលក្រុង និងអាជ្ញារធរមូលដ្ឋានចុះទៅធ្វើការបង្រ្កាប បន្ទាប់ពីមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម គឺលោក ព្រះរាជអជ្ញាររង ប្លង់ សុផល។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះជួលមួយកន្លែងក្នុង ភូមិទី១៣ សង្កាត់កំពង់ ចាម ក្រុង_ខេត្តកំពង់ចាម ។
លោកវរៈសេនីយឯក សុខ សំបូរ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ពីបញ្ហាល្បែង ស៊ីសងដាក់លុយខុសច្បាប់ លោកបានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់ដាក់លុយ Gameកាស៊ីណូOnlineតាមប្រព័ន្ធInternet Online ១កន្លែងដែលមានយី ហោឈ្មោះ ស៊ីធី 88 ដែលមានម្ចាស់ឈ្មោះ តាំង សុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ។
លោកបន្តថា ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ ជាមួយវត្ថុតាង ដែលចាប់យករួមមានៈ ម៉ូនីទ័រ១៨គ្រឿ (ម៉ូនីទ័រកាមេរ៉ាសុវត្ថិភាព១គ្រឿង ), Case computer១២គ្រឿង, ឃីបត(keyboard)១២បន្ទះ, ម៉ៅ (mouse)១២ខ្សែ, ដុំវៃហ្វាយ(wifi)១, DVR កាមេរ៉ា១, ដុំបែងចែកShare Internat (HUB)១, ទូរទស្សន៍ម៉ាកសាប (SHARP) ចំនួន២គ្រឿង, ម៉ាស៊ីន វិក័យបត្រ័១គ្រឿង, ប្រាក់ចំនួន ១០០ដុល្លារ និងលុយខ្មែរ ១២២,០០០, រៀលក្រដាស់បុងបាត់១សន្លឹក រួមទាំងម៉ូតូម៉ាកវេវ១គ្រឿងផងដែរ ។
បច្ចុប្បន្នមនុស្សចំនួន៤នាក់រួមជាមួយនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ទីតាំងខាងលើនេះ គេមានខ្នងបង្អែកដែលធ្វើជាសមត្ថកិច្ចដែលមានឋានះ តួនាទីយ៉ាងអន្រ្ទើសម្នាក់ ឈ្មោះ លាភ៕
ដោយ៖ វណ្ណៈ