Update : នគរបាលខេត្តកណ្តាល និងរាជធានីភ្នំពេញ កំពុងតាមប្រមាញ់ ជនទំនើងបើក តុក តុក បញ្ច្រាស ហើយបង្ហាញកាយវិការជម្លើយ និងហិង្សា , ផ្អើលពេញ facebook

ចែករំលែក៖

ខេត្តកណ្តាល+ភ្នំពេញ : នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា,  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ពាក់ព័ន្ធនឹងឃ្លីបវីដេអូ ម្ចាស់ម៉ូតូកង់បីឥណ្ឌាបំពានច្បាប់ចរាចរណ៍ជិះបញ្ច្រាស់ផ្លូវនិងរកចង់វាយអ្នកបើករថយន្តស្របផ្លូវ ករណីនេះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យខាងលើ ដើម្បីយកមកអនុវត្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបជាព័ត៌មាន។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា, កម្លាំងនគរបាល គ្រប់គោលដៅ បានស្រាវជ្រាវ ដើម្បីឃាត់ខ្លួន ជនបង្កនោះហើយ ។ 

សូមបញ្ជាក់ថា, សមត្ថកិច្ចកំពុងប្រមាញ់ ដោយយកចិត្តទុកដាក់បំផុត បន្ទាប់ពីមានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឃើញជនបង្កហេតុ បង្ហាញកាយវិការ អសីលធម៌ ល្មើសច្បាប់ចរាចរណ៍ បើកបរបញ្ច្រាសទិសដៅ បង្ករបញ្ហា នឹងមានចេតនាទុច្ចរិត ប្រើហិង្សាដោយដំបងជ្រុងមកលឺជនរងគ្រោះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សូមជម្រាបជូនថា, លោក ​ឧត្ដមសេនីយ៍ឯក​ ស​ ថេត​ អគ្គ​ស្នងការ​រង​ និង​ ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជា​អោយ​សមត្ថកិច្ច​គ្រប់គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ឃាត់​ខ្លួន​ម្ចាស់​ តុក​ តុក​ ស្លាក​លេខ​ 1AB-5481 កណ្ដាល​ ដែល​បេីកបរ​បញ្ច្រាស់ទិសដៅ​ចរាចរណ៍​ហើយ​ គំរាមកំហែង​ប្រេីហិង្សា​លេី​ប្រជាពលរដ្ឋ​ នៅចំណុច​មុខ​ស្ថានទូត​ថៃ​ មហា​វិថី​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ។  

តាម​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​ អ្នក​បេីកបរ​ តុក​ តុក​ នោះ​មាន​ឈ្មោះ​ កែ​ ឃីម​ ជាមុខ​សញ្ញាចាស់​ធ្លាប់​ជាប់​ពន្ធ​នាគារនៅ​ឆ្នាំ​ ២០១៤​ និង​ ចេញ​ពី​ពន្ធនាគារ​វិញ​នៅ​ឆ្នាំ​ ២០១៨​ ។  ឈ្មោះ​ កែ​ ឃីម​ មកពី​ខេត្ត​តាកែវ​ គ្មាន​ អត្តសញ្ញាណ​ប័ណ្ណ​ប្រេីទេ​ ហេីយបាន​ខ្ចី​ អត្តសញ្ញាណ​ប័ណ្ណ​របស់​ឈ្មោះ​ សៀម​ នឿន​ ដេីម្បី​ទិញ​ តុក​ តុក​ រត់ឈ្នួល​ ឈ្មោះ​ សៀម​ នឿន​ ដែល​មានវ័យ​ ៥៦​ ឆ្នាំ​ ជា​ម្ចាស់​ អត្តសញ្ញាណ​ប័ណ្ណ​មិនពាក់​ព័ន្ធ​ទេ​ ។

  ជនរងគ្រោះដែលជិះរថយន្ត រងការគំរាមកំហែង ពីជនទំនើងបើកតុកតុក បានអះអាងថា, ករណីព្រឹកមិញ! មិនមែនជារឿង សម្ដែងឡើយ ។ លោកថ្លែងបែបនេះ បន្ទាប់ពីមានអ្នក លេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចូល Comments ជាច្រើនថាសំដែង។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា, កម្លាំងរបស់លោកកំពុងតែ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការប្រមាញ់ជនទំនើងរូបនេះ ដើម្បីយកមកធ្វើការសាកសួរតាមនីតិវិធី ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print