ខេត្តព្រៃវែង : បន្ទាប់ពីទទួលព័ត៌មានថា មានម្ចាស់ចម្ការ អំពៅម្នាក់ប្រេីហិង្សាលេី កុមារាអាយុ ១៣ ឆ្នាំ ម្នាក់បណ្ដាលអោយសន្លប់រហូតចូលមន្ទីរពេទ្យនោះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បញ្ជាអោយសមត្ថកិច្ចក្រោមឱវាទឃាត់ខ្លួនម្ចាស់ចម្ការភ្លាម ។
ហេតុការណ៍ដែល មានម្ចាស់ចម្ការអំពៅម្នាក់ប្រេីហិង្សាលេី កុមារាអាយុ ១៣ ឆ្នាំ ម្នាក់បណ្ដាលអោយសន្លប់រហូតចូលមន្ទីរពេទ្យនោះកើតឡើងនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បាបោង ស្រុក ពាមរក៏ ខេត្ត ព្រៃវែង ។ ក្មេងប្រុសជនរងគ្រោះឈ្មោះ ជឿន ជន អាយុ13 ឆ្នាំ ជាសិស្ស ។ ចំណែកឯ ម្ចាស់ចម្ការដែលវ៉ៃធ្វើបាបក្មេងនោះ ឈ្មោះ វាសនា រស់នៅភូមិឃុំ ជាមួយក្មេងរងគ្រោះដែរ ។ បើតាមសំដីក្មេងរងគ្រោះបានអោយដឹងថា ដំបូងឡើយ គេនិងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេង នៅក្បែរចម្ការអំពៅនោះ ហើយក៏ស្រេកទឹក ក៏ឃើញអំពៅក៏ចូលទៅកាច់មួយដើមដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះម្ចាស់ចម្ការមកទាន់ក៏ចាប់វ៉ៃ ក្មេងរងគ្រោះនោះនឹងអំពៅ វ៉ៃអស់អំពៅមួយដើមក៏កាច់អំពៅមួយដើមទៀតវ៉ៃរហូតឡើងទ្រោមខ្លួន សន្លប់បាត់ស្មារតី ចំណែកក្មេងម្នាក់ទៀតក៏រត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ចូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាម ។
ខណៈពេលនេះសមត្ថកិច្ចកំពុងសួរចម្លេីយម្ចាស់ចម្ការដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងចាត់ការតាមច្បាប់ ។
អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”មិនទាន់ទទួលព័ត៌មានលម្អិត អំពីករណីខាងលើនេះ ច្បាស់នៅឡើយទេ ដោយសារ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង កំពុងជាប់រវល់ការងារ ដូច្នេះជនសង្ស័យ មិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយ រងចាំរបាយការណ៍ផ្លូវការ របស់សមត្ថកិច្ច ៕
ដោយ : សហការី