ព្រះវិហារ ៖ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាង លោក គីម រិទ្ធី អភិបាលខេត្ត នៅ បានអញ្ជើញចុះជួបសំណេះសំណាល និងបើកយុទ្ធនាការ ចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនៅតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៊ភូមិភារកិច្ចកណ្ដាលនេះ កាលពីដើមស្ថិតនៅក្នុងគម្រោងគម្របព្រៃឈើ របស់រដ្ឋបាលព្រៃឈើគ្រប់គ្រង តែមកដល់ពេលនេះ ប្រជាពលរដ្ឋបានរស់នៅអាស្រ័យផលជាច្រើនគ្រួសារ ទើបរដ្ឋបាលខេត្តបានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញ្ញាតដើម្បីកាត់ឈ្វៀលដីចេញពីគម្រោងដីព្រៃរបស់រដ្ឋ និងធ្វើការវាស់វែងចេញប័ណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ចនេះ។ ការថ្លែងទៅកាន់ប្រជាពលរដ្ឋ របស់ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានដឹងច្បាស់អំពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត មកលើពួកគាត់។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលបានសម្រេចក្នុងការកាត់ឈ្វៀលដីជូនដល់ប្រជាពលរដ្ឋនាពេលនេះ តាមការស្នើរសុំរបស់លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបានច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដីជាប់គ្នា ដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហា គឺក្រុមការងារមិនអាចវាស់វែង ជូនបងប្អូនបានឡើយ។
ដោយឡែក លោកស្រី ស៊ឹម ចរិយា តំណាងប្រជាពលរដ្ឋរស់នៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល បានថ្លែងនូវការត្រេកអរយ៉ាងក្រៃលែងដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រេចកាត់ឈ្វាលដីចេញពីការគ្រប់គ្រងរបស់រដ្ឋ និងចេញបណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋភូមិភារកិច្ច ក៏សូមគោរពថ្លែងអំណរអរគុណដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ ឲ្យទទួលបានសិទ្ធកាន់កាប់ប្រើប្រាស់លើដីធ្លីអាស្រ័យផលស្របច្បាប់។
ពិសេសសូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយសូមគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស ឈានទៅរកសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាពលរដ្ឋ។
ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តព្រះវិហារ ចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺបានគិតគូរខ្ពស់ អំពីស្ថានភាពជីវភាព ការរស់នៅ ឱ្យមានលំនៅឋាន ការអាស្រ័យផល ឱ្យបានសមស្របនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាត់ទុកប្រជាពលរដ្ឋជាធំ គិតគ្រប់បែបយ៉ាងអំពីសុខទុក្ខរបស់ពួកគាត់ ៕
ដោយ : សហការី