ភ្នំពេញ : រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សម្រេច :
មាត្រា១ – ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃសរុបទំហំ ៥ ៥៧០ (ប្រាំពាន់ប្រាំរយចិតសិប)ហិកតា តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដូចមានផែនទីភា្ជប់ក្នុង ឧបសម្ព័ន្ធ១និងនិយាមកាភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។
មាត្រា២ – ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ មានគោលបំណងដូចតទៅ៖
ការពារ និងថែរក្សាតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ រក្សាការពារទីជម្រាលផ្ទៃរងទឹកភ្លៀងដែលជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់ ក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ
ជំរុញនិងលើកកម្ពស់ការការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែក ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយ ចីរភាព។
មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាប ក្បាលឆាយ ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ប្រសិទ្ធភាព ការងារគ្រប់គ្រងបរិស្ថាន និងការរស់នៅដោយចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
មាត្រា៤ – ព្រំប្រទល់និងផ្ទៃក្រឡាតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានា តម្លៃនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
មាត្រា៥ – អនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងតំបន់ធនធានធម្មជាតិ ព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៨ ស្តីពីការកែសម្រួល តំបន់ធនធានធម្មជាតិព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ អនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១នៃអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៦- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា