មានគណបក្សចំនួន ១៤ គាំទ្របង្កើតរដ្ឋាភិបាលថ្មីរបស់គណបក្សភឿថៃ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នៅថ្ងៃចន្ទនេះ គណបក្ស ភឿថៃ (Pheu Thai) បាននិយាយថា ការប៉ុនប៉ងរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលថៃថ្មី គឺមានការគាំទ្រពីគណបក្សនយោបាយសរុបចំនួន១៤ ស្របពេលដែលថ្ងៃអង្គារសប្តាហ៍នេះ សភាថៃនឹងត្រូវរៀបចំការបោះឆ្នោតម្តងទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី។

មេដឹកនាំរងនៃគណបក្ស Pheu Thai លោក ភូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានអះអាងថា បេក្ខជនរបស់ Pheu Thai គឺមហាសេដ្ឋីចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ទទួលបានការគាំទ្រពីគណបក្សសរុបចំនួន១៤ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភានាថ្ងៃអង្គារសប្តាហ៍នេះ។
Pheu Thai ទទួលបានសិទ្ធិដើម្បីដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការព្យាយាមរបស់គណបក្ស Move Forward ក្នុងការធ្វើយ៉ាងដូច្នោះ បានទទួលបរាជ័យ កាលពីខែកក្កដា។ កាលពីសប្តាហ៍មុន Move Forward បានប្រកាសរួចហើយថា នឹងមិនគាំទ្រកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលរបស់ Pheu Thai នោះឡើយ ដោយចោទថា ក្រុមគណបក្សនៅក្នុងសម្ព័ន្ធភាពរបស់ Pheu Thai គឺផ្ទុយពីលទ្ធផលនៃការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ហើយប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ប្រជាជនថៃភាគច្រើន ជំទាស់នឹងផែនការបង្កើតរដ្ឋាភិបាលចម្រុះរវាងភឿថៃ និងក្រុមគណបក្សដែលគាំទ្រដោយយោធា។ ដោយឡែក លោក Srettha ដែលមានវ័យ៦០ឆ្នាំ និងជាអ្នកនយោបាយជើងថ្មី គឺត្រូវការសំឡែងគាំទ្រពីតំណាងរាស្រ្តយ៉ាងហោច៣៧៥នាក់ ដែលស្មើនឹងលើសពាក់កណ្តាល នៃសំឡេងសរុបបញ្ចូលគ្នារវាងសមាជិករដ្ឋសភានិងព្រឹទ្ធសភាថៃ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី ហើយបង្កើតរដ្ឋាភិបាលថ្មីបាន៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print