ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញគោលនយោបាយគន្លឹះ ដើម្បីបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី ។
សូមបញ្ជាក់ថា : តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយគន្លឹះៗ សម្រាប់បន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ រក្សាសមិទ្ធផលចាស់បង្កើតសមិទ្ធផលថ្មី និងគិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៣០ និងក្លាយជាទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ដូច្នេះនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយគន្លឹះៗ ដើម្បីធានាឱ្យបាននូវកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សម្រាប់បន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី។
ជុំវិញបញ្ហាសេដ្ឋកិច្ច, សម្រាប់ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទីថ្មី, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។
ទន្ទឹមនេះ ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បានកំពុងជួយស្តារវិស័យចន្ទល់កំណើនដែលមានស្រាប់និងជំរុញការអភិវឌ្ឍដល់វិស័យសក្តានុពលថ្មីៗ រួមមាន៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រួមចំណែកពង្រឹងនូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សំដៅបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែង។
សូមបញ្ជាក់ថា នៅក្នុងព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៣ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី ៧ ដោយមានការយាងអញ្ជើញបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃបើកសម័យប្រជុំសភានីតិកាលទី៧ ក្រោមព្រះរាជអធិបតីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះបន្ទូលថា , ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។
ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ៕
ដោយ : សិលា