បុរសវ័យចំណាស់ម្នាក់ទៅនេសាទត្រីធ្លាក់ពីលើទូកលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីលើទូកពេលទៅរកត្រីបណ្តាលឱ្យលង់ទឹកស្លាប់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចព្រែកតាសោម ស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំប្រាសាទ ព្រំប្រទល់រវាងឃុំប្រាសាទនឹងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ យ៉េង នល់ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបន្តថា៖ ឆ្លងតាមការបំភ្លឺពីឈ្មោះ ហួ វុន  ភេទស្រី អាយុ៦៧ឆ្នាំ ( ត្រូវជាប្រពន្ធសាកសព) បានរៀបរាប់ថា ប្តីរបស់គាត់មានជំងឺប្រចាំកាយស្គមស្គាំង( កើតរបេង) ។ មុនកើតហេតុ គាត់ទាំងពីរនាក់ប្ដីប្រពន្ធព្រមទាំងចៅប្រុសតូចម្នាក់ផងនោះ បានទៅរកនេសាទត្រីនៅក្នុងព្រែក ហើយពេលដែលប្ដីរបស់គាត់កំពុងតែចងដើមកំប្លោកទុកសម្រាប់ហ៊ុមយកត្រីស្រាប់តែធ្លាក់ពីលើទូកស្មាច់ចូលទៅក្នុងទឹកព្រែកមានជម្រៅប្រហែលជាង៣ម៉ែត្រ ហើយគាត់ក៏ខំស្រវាចាប់ទាញដៃប្ដីឡើងមកទូកដែរតែត្រូវរបូតដៃទៅវិញចូលទៅក្នុងទឹកបាត់ទៅដោយពុំឃើញផុសមកវិញសោះ ទើបគាត់អុំទូកទៅរកហៅបងប្អូនអ្នកដែលរកនេសាទក្បែរនោះ ចម្ងាយប្រហែល ២០០ម៉ែត្រ ដើម្បីជួយរកប្ដីរបស់គាត់ តែពេលរកឃើញស្រង់ពីក្នុងទឹកឡើងមកលើគោកប្ដីរបស់គាត់មានសភាព ស្ដូកស្ដឹងទៅហើយ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាននេះ លោកបានបង្កើតគណៈកម្មការត្រួតពិនិត្យសព មានសមាសភាព ១- នគរបាលប៉ុស្តិ៍ប្រាសាទ,២- គ្រូពេទ្យឃុំប្រាសាទ,៣- សមាជិកក្រុមប្រឹក្សាឃុំប្រាសាទ,៤- អនុភូមិទន្លាប់,៥- កូនប្រពន្ធរបស់ជនរងគ្រោះ ធ្វើការពិនិត្យទៅលើសាកសពឃើញថា នៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print