ខេត្តបន្ទាយមានជ័យ៖ មន្ត្រីយោធាម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈកំពុងជិះម៉ូតូត្រូវរថយន្តកាមរីឆ្លាម បើកបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាលឲ្យធ្លាយចេញពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ៥ ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ2K-4752 ពណ៌ទឹកមាស បានបើកបុកម៉ូតូមន្ត្រីយោធា ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ1C-9438 បណ្តាលឲ្យប៉ើងខ្ទាតចេញពីម៉ូតូ និងរថយន្តបង្កហេតុប្រមាណជិត៥០ម៉ែត្រស្លាប់ភ្លាមៗ។
សមត្ថកិច្ចបន្តថា សាកសពជនរងគ្រោះជាមន្ត្រីយោធាមិនទានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួន និងដកហូតឯកសារពីរថយន្តគ្មានសល់អ្វីឡើយ។ ដូច្នេះសមត្ថកិច្ចជំនាញក៏បានស្ទួចរថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅស្នងការខេត្ត ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកម្ចាស់រថយន្តបង្កហេតុមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកសាកសពរងគ្រោះក៏បានយកទៅតម្កល់នៅវត្តដែលនៅក្បែរនោះរងចាំសាច់ញាតិ និងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុខ ខេមរា