ភ្នំពេញ : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយមួយ គឺមិនមែនជាការដាក់ចេញនូវគោលនយោបាយដែលស្អាត ឬពិរោះស្ដាប់នោះទេ ប៉ុន្ដែជាការដាក់ចេញនូវគោលនយោបាយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយគោលនយោបាយដែលបានដាក់ចេញហើយ គឺត្រូវតាមដានលើការអនុវត្តចំពោះគោលនយោបាយទាំងនោះឱ្យបានជាប់ជានិច្ច។
សូមបញ្ជាក់ថា : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបនៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ គឺជាកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងរាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់។ ជំនួបសំណេះសំណាលនឹងត្រូវធ្វើឡើងនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ ឱ្យដឹងថា កម្មករ និយោជិត ដែលលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមានចំនួន ១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន៨៤៤នាក់។
លោកបន្តថា , ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែលជាប្រតិបត្តិករដ៏សកម្មនោះ។
ក្នុងអាណត្តិទី៥ និងទី៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកម្មករ និយោជិតចំនួនពីរជុំ។ ជុំទី១ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដោយជួបកម្មករ និយោជិតចំនួន ៧៧លើក មានកម្មករ និយោជិតចូលរួមសរុបប្រមាណ ១លាននាក់។ ជុំទីពីរ សម្តេចតេជោ បានចាប់ផ្តើមជួបកម្មករ និយោជិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ១៩លើក មានកម្មករ និយោជិតចូលរួមជិត ៣៤ម៉ឺននាក់។ ក្នុងជំនួបទាំងពីរជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ជាច្រើន សុទ្ធសឹងជាការផ្តល់ និងធានាការពារនូវអត្ថប្រយោជន៍របស់កម្មករ និយោជិត។
សម្រាប់នីតិកាលថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្របង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ។
បន្ថែមពីលើនោះ ក្នុងមុំយុទ្ធសាស្ត្របញ្ចកោណទី៣ រាជរដ្ឋាភិបាល ក៏បានបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន និងការងារ។ ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណនេះ រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
១៖ ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត, ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
២៖ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការអភិវឌ្ឍបរិយាកាសអំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
៣៖ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះបាន និងមានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន, និងការបន្តពង្រឹងការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤៖ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព, គ្មានការរើសអើង, តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។
៥៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែមានស័ក្តិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាប័ន្ន, ពិពិធភាព និងភាពទំនើប តាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្មហិរញ្ញវត្ថុ, និង លើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានា ដែលបានផ្ញើសារលិខិតអបអរសាទរ ចំពោះការឡើងតំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភារបស់ឯកឧត្ដម។ ខណៈការផ្ញើសារលិខិតអបអរសាទរនេះ គឺមិនមែនជាកាតព្វកិច្ចរបស់ប្រទេសនានា ឬប្រទេសទំនាក់ទំនងការទូតណាមួយនោះទេ។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា កូវីដ-១៩ សម្លាប់យើងពីរផ្នែក ទី១ គឺអាយុជីវិត ទី២ គឺសេដ្ឋកិច្ច។ ដូច្នេះការសម្រេចចិត្តដ៏លំបាករបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនោះ គឺជាការសម្រេចចិត្តដ៏លំបាក ដើម្បីថែរក្សាអាយុជីវិតរបស់ប្រជាជនផងតាមរយៈការបញ្ចេញថវិកាសន្សំរបស់រដ្ឋផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងរក្សាឱ្យបាននូវស្ថិរភាពរបស់ប្រទេសកម្ពុជា៕
ដោយ : សិលា