ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី២៩ខែសីហា នៅឯវិមាន៧មករា។
នៅក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកស្រីឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកស្រី ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩។
សម្ដេច បានសំដែងការពេញចិត្តចំពោះ សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបាន ជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំងនិងកូវីដ១៩ ដែលជាមហន្តរាយ ធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ។
ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះលោកស្រីឯកអគ្គរដ្ឋទូត ក៏បានសំដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពី រាជរដ្ឋាភិបាលក៏ដូចជាពី មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប ។ លោកស្រី ក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកចំហ ពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៀត។
សម្ដេចតេជោ ក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក ជាពិសេស ការដែលបានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២ ជួយកសាងស្ថានីយទឹកស្អាត នៅបាក់ខែង ដែលបានជួយឱ្យទីក្រុងភ្នំពេញ និងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
សម្តេច ក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ចសាកប្រតិបត្តិការដ៏ល្អ ទេគឺយើងមិនអាចធ្វើបានដោយ រលូន និងប្រកបដោយជោគជ័យ ក្នុងការសម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។
សម្តេចបានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមក រវាង កម្ពុជា និងសហគមន៍អឺរ៉ុប នៅព្រុចសែល តាំងពីឆ្នាំ ២០២២កន្លងមក ហើយសម្ដេចមានប្រសាសន៍ថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ៕ ដោយ៖សហការី