ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយគោយន្ដកន្រ្ដៃចតចោលនៅតាមដងផ្លូវធ្វើឲ្យម៉ូតូ១គ្រឿងជិះគ្នា៣នាក់មកបុកពីក្រោយ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិថ្នល់ ឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញគោយន្តកន្រ្ដៃ១គ្រឿងចតចោលបន្ទាប់មកក៏ឮសំលេងប្រាវធ្វើឲ្យផ្ញាក់ផ្អើរដល់ប្រជាពរដ្នក៏នាំគ្នាមកមើលឃើញបុរសម្នាក់ឈ្មោះ ព្រំ ស្រី អាយុ ៤១ឆ្នាំជាអ្នកបើកម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1S-3934 រងរបួសធ្ងន់ត្រូវបានបញ្ចូលទៅនម្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក (បានស្លាប់នៅមន្ទីរពេទ្យ) និង២នាក់ទៀតជាអ្នករួមដំណើរឈ្មោះ បឿន សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល និងម្នាកទៀតឈ្មោះ បឿន ពេង ភេទស្រី អាយុ៣៧ឆ្នាំ រងរបួសស្រាល អ្នកទាំង៣រស់ក្នុងភូមិចតុលោក ឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកម្ចាស់គោយន្ដកន្រ្ដៃឈ្មោះ គឹម ពុធ ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅភូមិអូសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបានយកគោយន្ដនិងម៉ូតូទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់គោយន្ដរត់គេចខ្លួនបាត សមត្ថកិច្ចកំពុងតែតាមរកឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី