ប្រធានភូមិបាលក្រុងច្បារមន គួរសិក្សាពីលក្ខណៈបុគ្គលខ្លួនឯង ធ្វើការបម្រើសេវាអោយប្រជាពលរដ្ឋ ឬយកកន្លែងធ្វើការសម្រាប់ភរិយាបន្ទាប់ក្តោបការងារ និងកូនៗមករស់នៅ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : មិនត្រឹមតែប៉ះពាល់ទៅដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន ប៉ុណ្ណោះទេ។ ក្នុងនាមជាប្រធានអង្គភាពមួយ និងជាមន្ត្តី្ររដ្ឋបាលមុខងារសាធារណៈ ពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរបំផុត យកកន្លែងធ្វើការ អង្គភាពការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាកន្លែងរស់នៅ ហូបចុក ទីតាំងសម្រាប់ដាក់សម្ភារៈកុមារលេង ដើម្បីបំពេញតម្រូវការក្រុមគ្រួសាររបស់ខ្លួន ដែលគេដឹងថា ជាភរិយាបន្ទាប់ និងកូនៗ រំខានដល់មន្ត្រីរាជការ ដែលបំពេញតួនាទី តាមភារកិច្ចរបស់ខ្លួននោះ។ នេះជាការលើកឡើងរបស់មន្ត្រី នៅក្នុងអង្គភាព ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងច្បារមន បន្ទាប់ពីឃើញទង្វើប្រធានគឺ  លោក តុប រតនៈ មានចំណងសម្ព័ន្ធមេត្រីភាពជាមួយមន្ត្រីរបស់ខ្លួន រហូតដល់បានកូន២នាក់ជាចំណងដៃ ខណៈគាត់ក៏មានភរិយានិងកូនៗស្របច្បាប់ទៅហើយ។

មន្ត្រីបានលើកឡើងថា , បញ្ហាជីវិតឯកជនរបស់បុគ្គលម្នាក់ៗ ការប្រព្រឹត្តអ្វី ទោះជាមានកម្លាំងចិត្ត ភរិយាបន្ទាប់ រហូតដល់មានទាំងកូន នោះជាសិទ្ធិសេរីភាពរបស់គាត់ គ្មាននរណាហាមឃាត់ ច្រណែនឈ្នានីស នោះទេ ។ ប៉ុន្តែអ្វីដែលជាឧបសគ្គ មេត្តា លោក តុប រតនៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងច្បារមន កុំយកកន្លែងអង្គភាព សម្រាប់ជាការដាក់សម្ភារៈ កន្លែងលេងរបស់ក្មេង ដែលជាកូនៗរបស់ខ្លួន បង្ករំខាន ដល់ការងារប្រចាំថ្ងៃ ដែលបុគ្គលិកមន្ត្រីរាជការ ខាងជំនាញ ត្រូវបំពេញភារកិច្ច តួនាទី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនោះ។ ម្យ៉ាងវិញទៀត បើអាចរក្សាសេចក្តីថ្លៃថ្នូរ និងគិតអំពីតម្លៃអង្គភាពជាធំ ឱ្យមានតម្លាភាព ជៀសវាងអំពើឃុបឃិតគ្នាក្រោមតុ ឬផ្តល់ឱកាសអោយភរិយាបន្ទាប់ ជាមន្ត្រីរបស់ខ្លួនក្នុងអង្គភាព គ្រប់គ្រងការឈានដល់ប្រើប្រាស់អំណាចស្វាមី គឺជះឥទ្ធិពលអាក្រក់ណាស់ ក្នុងអង្គភាពស្ថាប័នរដ្ឋ។ មន្ត្រីបានលើកឡើងផងដែរថា, បោះបង់ចោលទៅ ករណីផ្ដល់លទ្ធភាពអោយភរិយាបន្ទាប់ កាន់កិច្ចការ ខ្លះរំលោភបំពានមកលើមន្ត្រីជំនាញ ពីព្រោះសូម្បីតែថ្នាក់ដឹកនាំកំពូល បានផ្ដល់ជាអនុសាសន៍ ហាមដាច់ខាត មិនឱ្យភរិយារបស់អស់លោកណា លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អង្គភាពឡើយ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក តុប រតនៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងច្បារមន ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែកន្លងទៅ លោក តុប រតនៈ បានប្រាប់សារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះថា ចំពោះបញ្ហានេះគ្រួសារខាងខ្ញុំ ក៏គាត់ដឹងដែរតើ , ដឹងថាខ្ញុំឈឺ អញ្ចឹងគាត់ក៏ឱ្យ គាត់នឹងមើល(ភរិយាបន្ទាប់) ! ថែទៅ មិនមែនប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិប្រាំ ដូចបងប្អូនថានោះទេ គឺខ្ញុំមិនដែលឱ្យស្រីណា ដឹកមុខខ្ញុំទេ ! លោក តុប រតនៈ បានបន្តថា, រាល់ការងារ ដឹងការងារ រាល់ឯកសារអី មិនប៉ះពាល់ ដូច្នេះឯកសារអីដែលខុស គ្នាប្រាប់ថាខុស បែរជាថាគ្នា ប្ដីស័ក្តិបីប្រពន្ធស័ក្តិប្រាំ តែម្ដងទៅ ! ខ្ញុំអត់ដែល ឱ្យអ្នកណាមក គិតរឿងបច្ចេកទេស ព្រោះរឿងបច្ចេកទេសដឹងស្រាប់ហើយ មិនមែនស៊ីញ៉េទៅទាំងខុសទេ ខ្ញុំនៅតែថ្ងៃ ហើយយប់ឡើង ទៅផ្ទះជាធម្មតា ។ លោកបន្តថា, មិនមែនខ្ញុំអត្តនោម័ត នៅដោយខ្លួនឯងនោះទេបាទ គឺមានការឯកភាពពី លោកប្រធានក្រុមប្រឹក្សាក្រុង ប្រធានគណបក្សក្រុង និយាយរួមក្នុងគណៈអភិបាល ក្រុង អត់មានអ្នកណាគេជំទាស់ទេ។ ព្រោះខ្ញុំបានស្នើសុំគាត់ ។

ដោយឡែកលោក ទឹម ផានូ អភិបាលនៃគណៈអភិបាលក្រុងច្បារមន និងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តាមទូរស័ព្ទ ជាមួយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោកមិនបានធ្វើការបកស្រាយ គ្រាន់តែលើកទូរស័ព្ទ បញ្ជាក់ប្រាប់ថាសារព័ត៌មាន គឺលោកទាំងពីរ មានចេតនាធ្វើមិនដឹង ធ្វើមិនឮ ថាទូរស័ព្ទស្ដាប់គ្នាមិនបាន ទោះព្យាយាមទូរស័ព្ទច្រើនដង ក៏លោកទាំងពីរនិយាយដដែលៗថាស្ដាប់គ្នាមិនបាន។

សូមរំលឹកថា, លោក តុប រតនៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងច្បារមន បើមិនឱ្យតម្លៃខ្លួនឯង ក្នុងនាមជាប្រធានអង្គភាព ក៏ដូចជាតម្លៃក្នុងក្រុមគ្រួសារស្របច្បាប់ លោកក៏មិនត្រូវប្រព្រឹត្ត អំពើអបាយមុខនេះ រាលដាលមកដល់អង្គភាព ដែលប៉ះពាល់ ដល់បុគ្គលិកមន្ត្រីរាជការ គាត់ត្រូវបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បើលោកប្រព្រឹត្តបែបនេះ កំណែទម្រង់រដ្ឋបាល របស់មន្ត្រីរដ្ឋបាលមុខងារសាធារណៈ មិនមានតម្លាភាព ពិសេសលោកកំពុងតែ គិតពីផលប្រយោជន៍គ្រួសារ កូនៗ ខ្លាំងជាងផលប្រយោជន៍អង្គភាព ដែលផ្ទុយនិងច្បាប់រដ្ឋបាលរួចទៅហើយ។ បញ្ហានេះ ទាំងអភិបាលក្រុង ទាំងគណៈអភិបាលខេត្ត ទាំងប្រធានបន្ទីររៀបចំដែនដី មេត្តាពិនិត្យពិចារណា តើគួរឱ្យគាត់ប្រព្រឹត្តអំពើបែបនេះតទៅទៀតឬមួយយ៉ាងណា ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print