យោធាកូរ៉េខាងត្បូងបាននិយាយនៅព្រឹកថ្ងៃទី 31 ខែសីហាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន ហាក់ដូចជាប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រកាសថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ក្នុងឬជុំវិញទីក្រុង Sunan (ទីក្រុងព្យុងយ៉ាង) នៅម៉ោងប្រហែល 11:40នាទីយប់ដល់ម៉ោង 11:50នាទីយប់ថ្ងៃទី 30 ខែសីហា។
JCS បាននិយាយថា កាំជ្រួចនីមួយៗហោះបានចម្ងាយប្រហែល 360 គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សម្ព័ន្ធមិត្តកំពុងធ្វើការវិភាគបន្ថែម។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សេតវិមានបានព្រមានកូរ៉េខាងជើងប្រឆាំងនឹងការលក់អាវុធទៅឱ្យរុស្ស៉ី សម្រាប់បន្តធ្វើសង្គ្រាមឈ្លានពានលើអ៊ុយក្រែន ខណៈភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោន នៅតែបន្តកើនឡើង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងអាវុធរវាងរុស្ស៉ី នឹងកូរ៉េខាងជើង។ លោក John Kirby បានបញ្ជាក់ដូច្នេះថា «យើងជំរុញឱ្យ DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង) បញ្ឈប់កិច្ចចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៉ី និងគោរពតាមការប្ដេជ្ញាចិត្តជាសាធារណៈដែលថាទីក្រុងព្យុងយ៉ាងនឹងមិនផ្ដល់ឬលក់អាវុធឱ្យរុស្ស៉ីនោះទេ»។
លោក Kirby បន្ថែមថា សហរដ្ឋអាមេរិកជឿថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានព្យាយាមបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាងលក់គ្រាប់កាំភ្លើងធំឱ្យទីក្រុងមូស្គូ នៅពេលដែលរូបលោកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងបានជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន កាលពីខែកក្កដាកន្លងទៅ។
សហរដ្ឋអាមេរិក កន្លងមកធ្លាប់បានព្រមានបណ្ដាប្រទេសជាគូប្រជែងនិងជាគូសត្រូវរបស់ខ្លួនក្នុងនោះរួមមានទាំងចិនផងកុំឱ្យជួយ
រុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ខណៈ NATO កំពុងផ្ដល់ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ដល់ទីក្រុងកៀវ ដើម្បីវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ ចំណែកការអត្ថាធិប្បាយរបស់លោក John Kirby កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានឆ្លើយឆ្លងសំបុត្រគ្នាទៅវិញទៅមកជាមួយលោក គីម ជុងអ៊ុន៕ ដោយធីរីណា
រូបថត: YONHAP