ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ២នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៥លើក មិនប្រកាន់ស្តាំ ៣លើក និងកត្តាយាន ១លើក។
គួរជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៣០ សីហាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ១នាក់ និងស្រាល ០នាក់។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក មាន មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាអាកាសធាតុ ១លើក។
ដោយឡែកកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ជារៀងរាល់ថ្ងៃតែងតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យបើកបរគោរពទៅតាម ផ្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញចរាចរណ៍, ពាក់មួកសុវត្ថិភាព និងបានចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ៕ដោយ៖សហការី