ភ្នំពេញ ៖ អ្នកសារព័ត៌មានជិត១០០នាក់បានរៀនការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទ «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ»។
វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។
លោក ពុយ គា បានថ្លែងថា «អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន»។
ក្រៅពីជំនាញខាងលើ អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ។ល។
លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង «កូនក្រមុំដ៏ស្អាត» ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយ ក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។
អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព អាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕
ដោយ ៖ សហការី