មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់  ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីនាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម  អនុប្រធាននាយកដ្ឋានវិស្វកម្ម  និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ឈុន ពុទ្ធារិទ្ធ និងក្រុមការងារ បានធ្វើដំណើរចុះត្រួតពិនិត្យនៅទីតាំងសំណង់ក្បាលហុងទឹក ប្រឡាយមេ ប្រឡាយរង និងទីតាំងម៉ាស៊ីនបូមទឹកបណ្តែតសម្តេចតេជោហ៊ុនសែនទី១៦ ដែលស្ថិតក្នុងសង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់។

បន្ទាប់ពីបានចុះត្រួតពិនិត្យរួចរាល់ លោកអគ្គនាយកស្តីទី បានផ្តល់ជាមតិណែនាំដល់ប្រធានមន្ទីរលើការងារគ្រប់គ្រង និងការងារថែទាំប្រព័ន្ធធារាសាស្រ្តខាងលើដោយផ្អែកលើបទដ្ឋានបច្ចេកទេសដើម្បីធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែរបស់ប្រជាកសិករ និងស្នើឱ្យមានការជួសជុលខ្នងភ្លឺប្រឡាយមេដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៧០០០ ហិកតា និងស្រូវប្រាំងចំនួន ៩០០០ហិកតា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print