ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង២០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ក្នុងករណីផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ចេញពីក្នុងរោងចក្រផលិតទឹកកកមួយកន្លែង យីហោ ឈាង មួ នៅជាប់បណ្ដោយផ្លូវបេតុងក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរោងចក្រផលិតទឹកកកមួយកន្លែងយីហោ ឈាង មួ ខាងលេីកំពុងដំណើរការផលិតទឹកកក និងមានកម្មករធ្វើការជាធម្មតា។លុះក្រោយមកស្រាប់តែផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បង្កឱ្យសាយភាយពេញតំបន់ក្បែរៗនោះតែម្ដង ដោយបង្កឱ្យមានអ្នកដួលសន្លប់ជាច្រើននាក់ ខណៈដែលអ្នកខ្លះដឹងខ្លួនទាន់ក៏រត់ចេញពីតំបន់នោះដេីម្បីរកកន្លែងមានសុវត្ថិភាពព្រោះធំក្លិនចំហាយមិនបាន និងអ្នកខ្លះទៀតរត់ចេញមិនទាន់ហូរទឹកភ្នែកពិបាកដកដង្ហើមក៏ដួលសន្លប់ទៅ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើអន្តរាគមន៍និងដោយមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គិភ័យមកត្រៀមជួយដឹកប្រជាពលរដ្ឋរងគ្រោះទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។ រីឯរោងចក្រផលិតទឹកកកដែលធ្លាយចេញនូវឧស្ម័នបណ្ដាលឱ្យប្រជាពលរដ្ឋដួលសន្លប់នោះអាជ្ញាធរជំនាញបានចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ