លោកស្រី Tsai Ing-wen ទើបតែបានប្រកាសថា លោកស្រីគឺជាប្រធានាធិបតីកោះតៃវ៉ាន់ ការប្រកាសតាំងខ្លួនជាប្រធានាធិបតីនោះគឺជាសញ្ញាគ្រោះថ្នាក់មួយដែលតៃវ៉ាន់អាចប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិនដីគោក។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនពេលថ្មីៗនេះបានប្រកាសថា ការប្រកាសរបស់លោកស្រី Tsai Ing-wen ថាខ្លួនជាប្រធានាធិបតីនោះនិងធ្វើឲ្យមានភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់។
កាលពីថ្ងៃទី២៦ ខែមិថុនា មេដឹកនាំកោះតៃវ៉ាន់បានចូលរួមនៅក្នុងពិធីសម្ពោធព្រែកជីកនៅប៉ាណាម៉ា ហើយលោកស្រីបានសសើរនៅក្នុងសៀវភៅកំណត់ ដោយខាងក្រោមបានសសេរឈ្មោះនិងតួនាទីថា ជាប្រធានាធិបតីតៃវ៉ាន់។ ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចាប់តាំងពីលោកស្រីឡើងកាន់តំណែង រាល់ឯកសារលោកស្រីបានបើកវង់ក្រចកសសេរថា ROC មានន័យថា តៃវ៉ាន់ជាប្រទេសឯករាជ្យ។
មួយថ្ងៃក្រោយមកសារព័ត៌មានចិនបានដកស្រង់សម្តីអ្នកឯកទេសស្រាវជ្រាវស្តីពីកោះតៃវ៉ាន់បានឲ្យដឹងថា លោកស្រី Tsai Ing-wen បានផ្លាស់ប្តូរទស្សនរបស់តៃវ៉ាន់ចំពោះចិនដីគោក។
កន្លងមកទំនាក់ទំនងរវាងចិននិងតៃវ៉ាន់ល្អប្រសើរដោយសារតែមេដឹកនាំមានភាពជិតស្និតនិងរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែចាប់តាំងពីលោកស្រី Tsai Ing-wen ឡើងកាន់អំណាចមក រាល់សកម្មភាពក៏ត្រូវផ្លាស់ប្តូរដែលជាក្តីបារម្ភខ្លាចតៃវ៉ាន់ប្រកាសឯករាជ្យ។
ទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់កាន់តែតានតឹងជាងមុន ក្រោយពេលដែលចិនបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ក្រោយពេលរដ្ឋាភិបាលថ្មីតៃវ៉ាន់មិនទទួលស្គាល់ថា តៃវ៉ាន់ គឺជាចិនតែមួយ។
ភាគីចិនបានអះអាងថា តៃវ៉ាន់គឺជាទឹកដីកំពុងរង់ចាំការដាក់បញ្ចូលគ្នាទៅជាចិនតែមួយ ហើយចិនបានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ។ តៃវ៉ាន់និងចិនដីគោកបានកាត់ផ្តាច់កាលពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩ មក។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ចិនបានតម្រង់កាំជ្រួចមីស៊ីលរហូតដល់ទៅ ១.៥០០ដើមសំដៅទៅលើកោះតៃវ៉ាន់ត្រៀមវាយប្រហារប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យចេញពីចិនដីគោកនោះ។
តៃវ៉ាន់បានបង្កើតសកម្មភាពការពារខ្លួនដោយបានសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាសថ្មីនៅអាមេរិកក្រោយពេលទំនាក់ទំនងរវាងកោះតៃវ៉ាននឹងចិនដីគោកកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់ធ្លាក់ក្នុងសភាពអាក្រក់ក្រោយពេលមេដឹកនាំស្និទ្ធនឹងចិនដីគោកបានបញ្ចប់តំណែងកាលពីខែឧសភា គឺបញ្ចប់ទំនាក់ទំនងល្អប្រសើររយៈពេល៨ឆ្នាំជាមួយចិន។
ការសាកល្បងប្រព័ន្ធការពារកាំជ្រួចមីស៊ីលប្រភេទ Patriot PAC-3 ដែលផលិតនៅអាមេរិកនឹងត្រូវធ្វើការសាកល្បងនៅទីលានសាកល្បងមីស៊ីល White Sands រដ្ឋ New Mexico នាដើមខែកក្កដា ខាងមុខ។ សកម្មភាពខាងលើរបស់កោះតៃវ៉ាន់បានធ្វើឲ្យចិនកាន់តែខឹងសម្បាថែមទៀត បើទោះបីគម្រោងសាកល្បងខាងលើបានធ្វើឡើងមុនពេលលោកស្រី Tsai Ing-wen ឡើងកាន់អំណាចដឹកនាំតៃវ៉ាន់មកម្ល៉េះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការដែលសាកល្បងមីស៊ីលខាងលើនៅក្នុងទឹកដីអាមេរិកគឺដើម្បីបញ្ចៀសការចាប់បានព័ត៌មានពីសំណាក់ចិនដីគោកស្តីពីមីស៊ីលខាងលើ។ ដោយសារតែដែនអាកាសនៅតៃវ៉ាន់តូចចង្អៀតទើបមានការសាកល្បងនៅអាមេរិក។
បើទោះបីគ្មានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ក្រោយពេលដែលអាមេរិកបានបង្កើនទំនាក់ទំនងជាថ្មីឡើងវិញជាមួយទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៧៩ ប៉ុន្តែអាមេរិកនៅតែជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនិងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេឲ្យកោះតៃវ៉ាន់៕
ប្រែសម្រួល៖ សាធី