ភ្នំពេញ៖ បន្ទាប់ពីមានវិវាទក្នុងជម្លោះធ្វើចរាចរណ៍តាមផ្លូវសាធារណៈរវាងលោកផ្កាយ៣ និង មន្រី្តនគរបាលចរាចរមានត្រឹមឋានន្តរស័ក្តិ១ ហើយត្រូវបណ្តាញសង្គមហ្វេសប៊ុកបង្ហោះឲ្យ ឃើញរូបភាពមិនប្រក្រតីរវាងអ្នកទាំងពីរ ព្រមទាំងធ្វើឲ្យមានប្រតិកម្មដល់សម្តេចតេជោនាយករដ្ឋមន្រី្ត និងដើម្បីឆ្លើយតបការចង់បាន និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ។
នៅវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នគរបាលពាក់ផ្កាយ៣ គឺលោក ម៉ម ស្រ៊ីមវណ្ណា និងមន្ត្រីនគរបាលចរាចរណ៍ពាក់ស័ក្តិ១ លោក សូត្រ កញ្ញា ត្រូវបានលោកស្នងការ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោកទាំងពីរមកជួបមុខគ្នាដើម្បីធ្វើការសម្របសម្រួលព្រមទាំងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក ក្នុងនាមកងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងគ្នា។
លោក ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ថា «ត្រូវហើយ នៅម៉ោង៤រសៀលថ្ងៃ៣០មិថុនា មានការជួបគ្នារវាងភាគីទាំង២នាក់ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការសម្របសម្រួល និងយល់ចិត្តគ្នាលើរឿងនេះ»។
លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ត្រូវបានដកតំណែងតាមអនុក្រឹត្យលេខ៧២៤ អនក្រ-តត ចុះថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល និងគ្រោងបណ្តេញចេញពីនគរបាលជាតិផងដែរ បន្ទាប់ពីមានជម្លោះកើតឡើង។ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣០មិថុនា បានសម្រេចកែតម្រូវ ដោយបន្ធូរបន្ថយវិធានការ លើឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ត្រឹមដកតួនាទីពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ប៉ុន្តែរក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក នៃនគរបាលជាតិតទៅទៀត។
សម្តេចតេជោទទួលបានសារ និងយោបល់ជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាន Comments ចូល Page របស់សម្តេច ទាក់ទិនរឿងនេះ។ សម្តេចតេជោ បានបញ្ជាក់ថា នាពេលខាងមុខប្រសិនលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើតែងតាំង ក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសម្រាប់ការកែខ្លួន ក្នុងករណីមិនកែប្រែវិន័យនឹងមានបន្តទៀតហើយការកែតម្រូវលើវិធានការ ចំពោះលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណាមាន ដូចខាងក្រោម៖
១-អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯក នៃនគរបាលជាតិដដែល។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើតែងតាំងក្នុងមុខដំណែង ណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។
២-ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាល ដែលប្រើពាក្យសំដីមិនគប្បី ហើយប្រគល់ការងារឲ្យធ្វើឡើងវិញ។
៣-ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ ទូទាំងប្រទេសអំពីសីលធម៌ សុជីវធម៌ វិន័យ។ល។ ត្រូវសុភាពរាបសារតែមហ្មឺងម៉ាត់ក្នុងការអនុវត្តច្បាប់។
៤-ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និងលោកអនុសេនីយ៍ត្រីបានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។
៥-អំពាវនាវបងប្អូនជនរួមជាតិ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រី ដែលអនុវត្តច្បាប់ប្រព្រិត្តមិនគប្បី ចំពោះប្រជាពលរដ្ឋ។
ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសម្រាកបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយសាររឿងមួយនេះ។
ក្រោយការសម្របសម្រួលនៅចំពោះមុខស្នងការ និងស្នងការរងនគររាជធានី អស់រយៈពេលជាងមួយម៉ោងមកនោះ ឃើញថានាយ និងមន្រី្តនគរបាលទាំងពីរមានការ អធ្យាស្រ័យនិងយោគយល់គ្នា មិនបង្កឲ្យមានភាពល្អក់កករនឹងគ្នាព្រមទាំងសន្យាបំពេញភារកិច្ចតាមមុខព្រួញប្រកបដោយជោគជ័យរៀងៗខ្លួន ។
សូមជម្រាបថា ការសម្រេចដកតួនាទី ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់គឺលោកសូត្រ កញ្ញា បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោកឧត្តមសេនីយ៍ឯកម្នាក់នេះតែម្តង៕
ដោយ៖ ប្រាថ្នា