ភ្នំពេញ ៖ ម្ចាស់ទីតាំង ដែលលួចផលិតទឹកត្រីខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។
ជនត្រូវចោទរូបនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ផ្ទះលេខ៣,៤ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦ អឺប៉េ ផ្លូវ ២៤៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះ បានបើកកន្លែងផលិត ទឹកត្រីខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក ស្ថិតនៅទីតាំង ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទ៖ ក្លែងបន្លំ ឈ្មោះកែច្នៃ នាំចូលលើម៉ាក ផលិតផលទំនិញគ្មានស្ដង់ដារ ដោយគ្មានកំណត់ សម្គាល់ភូមិសាស្ដ្រមុខទំនិញ និងមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែក អតិសុខុមជីវសាស្ត្រ ឬអនាម័យ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ១៦, ១៧ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា, មាត្រា ១១និង មាត្រា ៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់, មាត្រា ២៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រ, មាត្រា ១៦និងមាត្រា ៥៩ នៃច្បាប់ស្តីពី ស្តង់ដារកម្ពុជា។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយម្ចាស់សិប្បកម្មផលិតទឹកត្រី-ទឹកស៊ីអ៊ីវឈ្មោះថៃហុងគៀត និងជាម្ចាស់ម៉ាកទឹកត្រី រូបបង្កងប៉ាក បានឲ្យបុគ្គលិកផ្នែកលក់ម្នាក់ដឹកជញ្ជូនទឹកត្រីដាក់ឲ្យ អតិថិជនម្នាក់នៅម្ដុំផ្សារកំបូលចំនួន៥០យួរ ដូចសព្វដងដែលអតិថិជនតែងតែធ្វើការកម្មង់ បានប្រហែលមួយ ម៉ោងក្រោយមកអតិថិជនបានទូរស័ព្ទសួរថា ទឹកត្រី មានលេខ១ មានលេខ២ មែនទេ ? ឮដូចនោះ ម្ចាស់ផលិតផល ក៏ចុះទៅត្រួតពិនិត្យ ហើយយកមកធ្វើការផ្ទៀងផ្ទាត់មើលទើបដឹងថា ផលិតផលទឹកត្រី ឃើញថា មានគេ ក្លែងបន្លំ (ទាំងឈ្មោះយីហោ ទាំងផ្លាកសញ្ញា ទាំងលេខទូរស័ព្ទ) បន្ទាប់មកអតិថិជន បាននាំទៅដល់ទីតាំងដែលគាត់បានកម្មង់ទិញ គឺនៅចំណុចទីតាំងផ្ទះលេខ ៣ , ៤ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល៕ដោយ៖ រ៉ារ៉ា