ខេត្តពោធិ៍សាត់ ៖ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងនៅរសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា បុរសជាឪពុកបានស្លាប់បាត់បង់ជីវិតនៅគ្រាដែលគេព្យាយាមបញ្ជូនទៅសង្រ្គោះ ចំណែកកូនតូចៗ២នាក់របស់គាត់ត្រូវបានគេជួយសង្រ្គោះទាន់ពេល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកបឹងទន្លេសាប រវាងកាណូតធុនធំដឹកកូនត្រីនឹងកាណូតធុនតូច ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។
លោកអធិការនគរបាលស្រុកបានឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះបានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្បាលបឹងតាសូខាងលិច ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ង្វៀង យ៉ាំងទិន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ៦.៥.១៩៨០ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ជនរងគ្រោះ(ស្លាប់)ង្វៀង យ៉ាំងទិន បានបើកបរកាណូតសំបកស្មាច់ ពណ៌ខៀវ ប្រវែង៦.៩ម៉ែត្រ បំពាក់ម៉ាស៊ីនម៉ាក ហ៊ីណូតាកម្លាំង១៨សេះ រួមដំណើរដោយកូនតូចៗចំនួន២នាក់(មិនរងរបួសទេ)។
លោកអធិការបានបញ្ជាក់ទៀតថា ចំណែកអ្នកបើកកាណូតសំបកស្មាច់
ពណ៌ស ប្រវែង១០.៤ម៉ែត្រ បំពាក់ម៉ាស៊ីនម៉ាកសាំយ៉ុង(បង្ក)ឈ្មោះ ង្វៀង យ៉ាំងតាំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជើង យ៉ាំងឡង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នអ្នកទាំង០២នាក់ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ពុំរងរបួសទេ)។
លោកអធិការបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន សពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីវៀតណាម។ ចំណែកវត្ថុតាងកាណូតទាំង២គ្រឿង និងអ្នកបើកបរសង្ស័យជាអ្នកបង្កហេតុកំពុងបន្តនីតិវិធីនៅស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះក្អែក។ មូលហេតុ៖ ជាបឋម មកពីកក្តាល្បឿនលឿន ខណៈផ្លូវព្រៃរនាមរបោះៗហើយបត់បែន ។
ដោយឡែក ប្រភពផ្សេងៗលើកឡើងស្រឌៀងៗគ្នាដែរថា ជាទម្លាប់ក្រុមគ្រួសារដែលគេសង្ស័យថាជាអ្នកបង្ក បើកបរលឿនខ្លាំងណាស់ ព្រោះមធ្យោបាយ(កាណូត)ទំនើបៗធំៗ ពេលចេញទៅទិញត្រីនៅតំបន់ណាមួយបើកសាហាវណាស់ ពួកគាត់ពុំសូវបានគិតពីជីវិតអ្នកដទៃនោះឡើយ បើទោះជាផ្លូវខែនេះកាត់ព្រៃរនាមរបោះៗស្ទើរតែជៀសគ្នាពុំរួចផងនោះ។
សូមបញ្ជាក់ថា៖ ពុំមែនបើកកាណូតនៅលើផ្ទៃទឹក(វាល)នោះទេ ៕ ដោយៈ ប៉ឹម ពិន