ខេត្តតាកែវ ៖ ក្រោយមានសារព័ត៌មានក្នុងស្រុកមួយ ចំនួនផ្តិតយករូបភាពនិងបានផ្សព្វផ្សាយករណីរថយន្តដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសឆ្លងកាត់គោលដៅចរាចរខេត្តតាកែវ ផ្លូវជាតិលេខ២ និងលេខ៣ កាលពីពេលថ្មីៗកន្លងទៅ ពេលនេះសមត្ថកិច្ចជំនាញបានអនុវត្តវិធានការផ្លូវច្បាប់លើរថយន្តដែលដឹកទំនិញសំពីងសំពោងបានជាបន្តបន្ទាប់។
លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរនៃស្នងការនគរបាលខេត្តតាកែវ ធ្លាប់បញ្ជាក់ថា លោកនឹងឲ្យកម្លាំងបង្ក្រាបឲ្យអស់រាល់រថយន្តដឹកទំនិញសំពីង សំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត។ ពេលនេះឃើញថាដូចអ្វីដែលលោកបានមានប្រសាសន៍មែន គឺគ្រប់រថយន្តដែលដឹកទំនិញសំពីងសំពោងខុសបច្ចេក ទេសឆ្លងកាត់ខេត្តតាកែវ និងត្រូវឃាត់សួរនាំ អប់រំ និងឲ្យរុះរើទំនិញចេញ ធ្វើយ៉ាងណាគឺដឹកឲ្យបានត្រឹមត្រូវ។
សូមរំឮកថា មានប្រភពបែកធ្លាយបញ្ជាក់ថា សមត្ថកិច្ចចរាចរឈរជើងប្រចាំការតាមផ្លូវជាតិលេខ២និងលេខ៣ ទឹកដីខេត្តតាកែវ បានអនុញ្ញាតិឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរតាមដងផ្លូវជារៀងរាល់ ថ្ងៃដោយមិនមានការហាមឃាត់ឬណែរនាំនោះទេ ពិសេសជាងនេះភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្តកែឆ្នៃទៀតផង គឺទុកដើម្បីចិញ្ចឹមឆ្នាំង ។ ប្រភពបន្តថា បើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ឆ្លងកាត់ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅ បើ១ថ្ងៃៗត្រូវបង់ទៅថ្នាក់លើជាង៦០ម៉ឺងរៀលឯណោះ។ បើចាំតែពិន័យអ្នកជិះម៉ូតូ ជិះកង់ ប្រហែលរកលុយចាក់សាំងមកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមានការយល់ដឹងច្រើនហើយមិនងាយនិងបានផាក់ពិន័យទេ។
លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរនៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា លោកនឹងឲ្យកម្លាំងបង្ក្រាបឲ្យអស់រាល់រថយន្តដឹកនទំនិញសំពីងសំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត។ ចំណែករឿង៦០ម៉ឺនរៀលជាង១ថ្ងៃក្នុងគោលដៅមួយៗបង់ទៅថ្នាក់លើនោះ គឺជារឿងមិនពិតទេ គឺមកពីមានមន្ត្រីរបស់លោកខ្លះច្រណែនគ្នាចេះតែរាយការណ៍ផ្តេស ផ្តាសប៉ុណ្ណោះ៕ដោយ៖សុរិយា