ប្រទេសចិន : នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ អោយដឹងថា , តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួម CIFIT 23 នៅទីក្រុង Xiamen សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ដំណើរទស្សនកិច្ចការងារខាងលើមានគោលបំណង (១) ជំរុញសកម្មភាពវិនិយោគទៅវិញទៅមក (២) ផ្សព្វផ្សាយពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគកម្ពុជា និង (៣) ចែករម្លែកអំពីបច្ចុប្បន្នភាពច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយ ព្រមទាំង (៤) ពិភាក្សាអំពីនិន្នាការថ្មីនៃការវិនិយោគក្នុងបរិការណ៍ដែលសកលលោកយើងកំពុងប្រឈម។
ក្នុងដំណើរទស្សនកិច្ចការងារខាងលើ លោកអគ្គលេខាធិការរងបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) លើកទី ៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ គួរបញ្ជាក់ជូនផងដែរថា នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ និងកិច្ចសម្រួលវិនិយោគតាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចផងដែរអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្តោតសំខាន់លើ (១) ការអភិវឌ្ឍមូលធនមនុស្ស (២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ (៤) ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន និង (៥) ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ៕
ដោយ : សិលា