ភ្នំពេញ : កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។» នេះជាប្រសាសន៍លើកឡើង របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល | ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។
លោករដ្ឋមន្ត្រីបានបន្តថា : ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម។
សូមបញ្ជាក់ថា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា ; សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡងក្របខណ្ឌដាច់ដោយឡែកក្នុងការជ្រើសរើសមន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការដែលមានក្រសួងមុខងារសាធារណៈទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។ នេះជាគោលការណ៍ក្នុងការធ្វើកំណែទម្រង់លើការប្រឡងចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍ “អ្នកចេះ គឺជាប់”។ សម្តេចធិបតី ថ្លែងបែបនេះ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ កញ្ញា ២០២៣ ៕
ដោយ : សុខ ខេមរា